ទេសរដ្ឋមន្ត្រី យឹម ណុលឡា ស្នើឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវខិតខំបំពេញការងារឲ្យបានសកម្មថែមទៀត


ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យបានសកម្មថែមទៀត។

ការស្នើយ៉ាងដូច្នេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមជាអធិបតីភាព បើកសិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយសមិទ្ធផលការងារ១០ឆ្នាំ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការអនុវត្តកម្មវិធីវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា បានបញ្ជាក់ថា «អនុវត្តតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងតាមអនុសាសន៍របស់សម្តេចតេជោ ខ្ញុំសុំឲ្យថ្នាក់ដឹកនាំ សមាជិកសមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន (ECOSOCC) ទាំងអស់ ត្រូវខិតខំបំពេញការងារឲ្យបានសកម្មថែមទៀត»។

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រូបនេះ បានបន្ថែមទៀតថា ជាពិសេសការពង្រឹងសមត្ថភាពចំណេះដឹង ឲ្យកាន់តែទូលំទូលាយទាក់ទងនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពាណិជ្ជកម្ម នយោបាយ ការទូត ទាំងក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ឯកឧត្តម យឹម ណុលឡា ក៏សង្ឃឹមថា សមាជិក សមាជិកា ECOSOCC ទាំងអស់ នឹងប្រើប្រាស់ឲ្យអស់ នូវបញ្ញាញាណដែលខ្លួនមាន ដើម្បីចូលរួមចំណែក ក្នុងការផ្តល់មតិ និងការវិភាគ ឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តនានា រួមទាំងឯកសារគោលនយោបាយផេ្សងៗ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា សមិទ្ធផលជាក់ស្តែង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមមាន៖

ទី១៖ បានប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ លើស្ថានភាពសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់និងអត្រាប្តូរប្រាក់ ស្ថានភាពថវិកា ស្ថានភាពរូបិយវត្ថុនិងអត្រាការប្រាក់ ស្ថានភាពកសិកម្ម ឧស្សាហកម្ម ថាមពល សេវាកម្ម និងវប្បធម៌ និងស្ថានភាពជញ្ជីងពាណិជ្ជកម្ម ដោយគ្រប់កិច្ចប្រជុំ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា

ទី២៖ បានសិក្សាស្រាវជ្រាវលើប្រធានបទ ដែលជាបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជះឥទិ្ធពលលើការអភិវឌ្ឍប្រទេស និងលើជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ទី៣៖ បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត

ទី៤៖ ការងារនៃកម្មវិធីវាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (កម្មវិធីRIA)

ទី៥៖ បានបំពេញការងារបន្ថែមផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដូចជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា បានបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផល នាពេលកន្លងមកនេះ គឺអាស្រ័យដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកា ECOSOCC ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ECOSOCC ផងដែរ។

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បន្ដថា ម្យ៉ាងវិញទៀត សមិទ្ធផលនេះ ក៏បង្ហាញនូវកិច្ចសហការល្អរវាង ECOSOCC និងអង្គភាពនានាក្រោមឱវាទ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា៕