ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍ជូន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពរបស់គម្រោង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងនាពេលអនាគត។

លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា អង្គការហេហ្វឺកម្ពុជាបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានថវិកាគាំទ្រពីកម្មវិធីអង្គការហេហ្វឺអន្តរជាតិដើម្បីអនុវត្តគម្រោងស្តីពី “ការលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច” ក្នុងខេត្តគោលដៅចំនួន១១ គឺខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ គម្រោងនេះមានគោលបំណងជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះចំនួន៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន៦៤សហគមន៍។ កម្មវត្ថុចំនួន០៥ ដែលអង្គការបានអនុវត្តគឺរៀបចំទីផ្សារកសិផល ធានានិងផ្គត់ផ្គង់អាហារូបត្ថម្ភ ផ្សព្វផ្សាយពីការរស់នៅប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត លើកកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយសមធម៌។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នតាមរយៈគម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង០៥ពាន់ដុល្លារក្នុង០១ឆ្នាំ ក្រោយពេលដកថ្លៃដើមរួច ដែលចំណូលនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអង្គការសម្រេចបាននាពេលកន្លងមក។ សមិទ្ធផលទាំងនេះបានចូលរួមចំណែកអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនប្រាក់ចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសមស្រប ផលិតផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារខ្ពស់ និងជាពិសេសបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រឆ្លើយតបទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកម្មភាពនេះក៏ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះគោលនយោបាយរបស់ក្រសួងផងដែរ ជាពិសេសលើការអភិវឌ្ឍសហគមន៍កសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការប្តូរពូជដំណាំនិងសត្វ ការប្តូរមុខដំណាំ ការប្រើបច្ចេកវិទ្យានិងធាតុចូលកសិកម្មសមស្រប និងជាពិសេសការបំពេញតម្រូវការនៃទីផ្សារទាំងក្នុងនិងក្រៅប្រទេស ធ្វើបែបនេះគឺដើម្បីដើរឱ្យទាន់បរិបទថ្មីនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចរណ៍។

នាឱកាសនេះផងដែរ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យថែមមួយកម្រិតទៀត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មតិដល់អង្គការហេហ្វឺកម្ពុជា និងអង្គការផ្សេងៗទៀតដែលកំពុងអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្មឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ÷ ទី១. ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែម ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ទី២. ការសិក្សារៀបចំហេដ្ឋារចនាុសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងៗទៀត។ ទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង បច្ចេកទេសសមស្រប និងបច្ចេកវិទ្យាថ្មីទំនើប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើចំណូលតែមួយចំណែកណាមួយ។ ទី៤. ជួយរៀបចំផែនការដាំដុះជូនសហគមន៍កសិកម្មឲ្យបានត្រឹមត្រូវ និងគួរសហការជាមួយអង្គការផ្សេងៗទៀតដែលបាននិងកំពុងអនុវត្តគម្រោងជាមួយក្រសួងធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងមានភាពប្រទាក់ក្រឡាគ្នា។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ជាមួយស្ថាប័នជំនាញ និងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីចូលរួមសម្រេចគោលដៅជាប្រយោជន៍ដល់ប្រជាកសិករ។ យោងតាមសំណើ ឯកឧត្តមរដ្ឋមន្ត្រីយល់ព្រមថានឹងអញ្ជើញចុះទៅពិនិត្យសមិទ្ធផលរបស់គម្រោងជាក់ស្តែងនៅតាមបណ្តាខេត្តគោលដៅនាពេលអនាគតដ៏ខ្លី។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារបានជួបរាយការណ៍ ចែករំលែកបទពិសោធន៍ ហើយឯកភាពទទួលយកអនុសាសន៍ដែលជាប្រយោជន៍សម្រាប់អង្គការយកទៅអនុវត្តបន្តឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលអនាគត។