ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ពលករខ្មែរដែលធ្វើការ នៅប្រទេសកូរ៉េចូលរួមមហាបាតុកម្ម ជាមួយបក្សប្រឆាំង អាចនឹងឈប់ទទួលបានទិដ្ឋាការ


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ពលករខ្មែរដែលធ្វើការ នៅប្រទេសកូរ៉េចូលរួមមហាបាតុកម្ម ជាមួយបក្សប្រឆាំង អាចនឹងឈប់ទទួលបានទិដ្ឋាការ ទៅធ្វើការនៅកូរ៉េ បើសិនជាពួកគេជេរប្រមាថ និងប្រើពាក្យអសុរោះ មកលើរាជរដ្ឋាភិបាល ។

ការអះអាងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ ខណៈក្រុមពលករគាំទ្រ អតីតគណបក្សប្រឆាំង បានត្រៀមលក្ខណៈ ធ្វើមហាបាតុកម្មនៅកូរ៉េ ដោយដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ។

យ៉ាងណាក្តី ឯកឧត្តម សុខ ឥសាន បានហៅការធ្វើបាតុកម្ម របស់ក្រុមប្រឆាំងនៅក្រៅប្រទេសថា មានអ្នកចូលរួមមិនបានមួយដំបរស្វាទេ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៩ មេសានេះថា នឹងមានមហាបាតុកម្មមួយ រៀបចំដោយពួកយុវជន ប្រឆាំងមួយនាក់ ពីរនាក់ និងមានការចូលរួម ពីមនុស្សមួយចំនួនតូច គឺតិចតួចដែលពួកគេ ខិតខំឃោសនាបំប៉ោងថា មកពីគ្រប់ទិសទីនៅលើពិភពលោក តែតាមការពិតគ្មានទេ ។

ឯកឧត្តមបន្តថា បើតាមការឃោសនាបំប៉ោង អាចនឹងផ្អៀងប្រទេសកូរ៉េខាងត្បូងជាមិនខាន ក៏ប៉ុន្តែការពិតមានមនុស្ស មកពីប្រទេសនេះម្នាក់ឬពីរនាក់ ពីប្រទេសនោះម្នាក់ឬពីរនាក់ ដែលសរុបទៅ ប្រហែលបានមួយដំបរស្វាប៉ុណ្ណោះ ។ បានសេចក្តីថា មិនបានស្មើនឹងប្រជាពុទ្ធបរិស័ទ ទៅបុណ្យចូលឆ្នាំនៅវត្តមួយផង។

ឯកឧត្តម សុខ ឥសាន ក៏បានវាយតម្លៃការធ្វើបាតុកម្ម របស់ក្រុមប្រឆាំងនៅកូរ៉េថា គឺគ្មានអ្វីក្រៅតែពីទៅជួបជុំគ្នាជេរប្រមាថ បរិហាកេរ្តិ៍សម្អុយជាតិសាសន៍ខ្មែរឯងទេ ។

ឯកឧត្តមបានបញ្ជាក់ថា “នេះហើយដែលហៅថា ចរិតអ្នកស្នេហាជាតិរបស់ពួកគេ។ ដោយសារមានចរិត ប្រមាថជាតិសាសន៍ឯង យ៉ាងនេះហើយ គង់មានថ្ងៃណាមួយពួកទាំងនេះ នឹងឈប់បានទទួលទិដ្ឋាការ ឲ្យទៅធ្វើការនៅប្រទេសកូរ៉េ ពេលនោះនឹងឃើញទឹកភ្នែក ជូតក្បាលជង្គង់ជាមិនខាន” ។

ឯកឧត្តមគូសបញ្ជាក់ថា នៅពេលនោះ ទុកឲ្យពួកឧទ្ទាមខ្មែរក្បត់ជាតិ រត់ចោលស្រុកមកជួយចុះ ហើយកុំស្រែកដង្ហោយរកជំនួយ ពីស្ថានទូតខ្មែរនៅប្រទេសកូរ៉េ ជួយឲ្យសោះ នៅពេលមានបញ្ហា ៕