សិក្ខាសាលា​ស្តីពី ការ​វិវត្ត​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌីជីថល​ក្នុង​ក្រប​ខណ្ឌ​សកល និង​កម្ពុជា


ភ្នំពេញ៖ សិក្ខាសាលា​ស្ដីពី​ការ​វិវត្ត​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌីជីថល​ក្នុង​ក្រប​ខណ្ឌ​សកល និង​កម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​​ដើម្បី​បង្ក​ឱកាស​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំង​ឡាយ​ក្នុង​ការ​ចែករំលែក​នូវ​បទពិសោធន៍​ល្អ​ៗ ទស្សន​ទាន​ថ្មី​ៗ និង​ការ​ពិភាក្សា​​ដើម្បី​ស្វែង​រក​នូវ​គន្លឹះ​ថ្មីៗ​ បង្កើន​ការ​យក​ចិត្តទុកដាក់ទ្វេដង ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះ​ដឹង​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​សង្គម​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ផ្សារ​ភ្ជាប់​នឹង​និន្នាការ​សកល​នៃ​យុគសម័យ​ឌីជីថល។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នា​ថ្ងៃ​ចន្ទ ៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​វិមាន​រដ្ឋសភា ព្រមទាំង​វត្ថមាន​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​ការ​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ឱ្យ​មាន​អង្គ​សិក្ខា​សាលា​នេះ​ឡើង។ ឯកឧត្ដម​បណ្ឌិត ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​តែងតែសហការគ្នាល្អជាមួយគណៈកម្មការទី៧ រដ្ឋសភា នា​ពេល​កន្លង​មក សំដៅ​រួម​គ្នា​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​វិស័យ​អប់រំ នៅ​កម្ពុជា៕