ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ប្តេជ្ញារួមគ្នា កាត់​បន្ថយ​អត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបាន៥០% នៅឆ្នាំ២០២៥


ក្រសួងកិច្ចការនារី និងធនាគារជាតិកម្ពុជា ប្តេជ្ញារួមគ្នា «កាត់​បន្ថយ​អត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឱ្យបាន៥០% នៅឆ្នាំ២០២៥»។ ប្រសាសន៍លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
នៅក្នុងពិធី​នោះ ក៏មានការចុះហត្ថលេខាអនុស្សរណៈ​នៃការយោគ​យល់​រវាងធនាគារជាតិនៃកម្ពុជា ជាមួយក្រសួងកិច្ចការនារី និងអនុស្សរណៈ​រវាង​ធនាគារជាតិ​នៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវ​រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ថា កិច្ច​សហការ​រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី នឹងផ្តល់​អត្ថប្រយោជន៍ ០៣ចម្បងៗ គឺ១).បង្កើនការយល់ដឹង ស្តីពីហិរញ្ញវត្ថុ​ដល់​ស្រ្តីនៅតាមសហគមន៍ ២).ស្វែងរកមធ្យោបាយ​សមស្រប​ក្នុង​ការ​លើក​កម្ពស់ការទទួលបានឥណទាន​សម្រាប់សហគ្រិនស្រ្តី និង៣).​ចូល​រួម​​​លើកកម្ពស់សហគ្រិនភាពសម្រាប់យុវតី នៅថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា។