ក្រុមការងារចម្រុះកំពុងបន្តចុះកាត់ខ្សែអាកាសតាមដងផ្លូវ ខ្សែ​ទី៨ ក្នុងក្រុងសៀមរាប​ លើផែនការ ១១ផ្លូវ ក្នុងនោះបាន អនុវត្តរួចបាន ៧ផ្លូវរួចហេីយ​


ចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក ក្រុមការងារចម្រុះដឹកនាំដោយ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត​ រដ្ឋបាលក្រុងសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, អគ្គិសនីសៀមរាប, នគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ និងក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាទូរគមនាគមន៍ទាំងអស់ក្នុងខេត្តសៀមរាប ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់កាត់ទម្លាក់បណ្តាញខ្សែកាប្លិ៍លើអាកាសចុះមករត់ក្រោមដីវិញ ជំហានទី៨ (ផ្លូវផ្សារញ៉ែ ចាប់ពីស្តុបផ្សារកណ្តាលឆ្លងកាត់ស្តប់ផ្សារញ៉ែ រហូតដល់ភោជនីយដ្ឋានម្លប់ស្បូវផ្លូវអ៩០) ក្នុងចំណោមផ្លូវជំហានទាំង១១ខ្សែ ដោយជំហានបន្ទាប់នឹងអនុវត្តនៅផ្លូវអមសងខាងស្ទឹងសៀមរាប, ផ្លូវផ្សារក្រោម និងផ្លូវជាតិលេខ៦ តាមតារាងផែនការកំណត់។ គិតមក​ដល់​ត្រឹមថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានកាត់​ទម្លាក់​ខ្សែភ្លើង​ ខ្សែកាបអាកាស​ បង្កប់ក្រោមដីបានចំនួន ៧ផ្លូវ​ហេីយ​ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ក្នុងនោះមាន​ដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្រ្ទីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ, កំណាត់ផ្លូវ ៦០ម៉ែត្រ រហូតដល់កែងផ្លូវហ្សាដឺហ្គោល, កំណាត់ផ្លូវកូម៉ៃ ចាប់ពីចំណុចផ្លូវបំបែក​ អ៩០ រហូតដល់វត្តថ្មី, និងកំណាត់ផ្លូវ ៧មករា ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់រង្វង់មូលព្រះរាជដំណាក់ខេត្តសៀមរាប​៕