កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសទាំងបី(CLV SOM)លើកទី១២


 

ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ –កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាផា  ឡេស កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV SOM) លើកទី១២ ស្តីពីការរៀបចំ តំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជាឯកឧត្តម ថុងផានី សុវណ្ណភិត អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឯកឧត្តម ង្វៀង ថេហ្វឿង អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។
នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីនៃប្រទេសទាំងបី បានពិនិត្យឡើងវិញនូវកិច្ចសហការរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបានពិភាក្សាអំពីការដាក់ចេញនូវរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល CLV DTA លើកទី៩ ការរៀបចំអាជីវកម្មដើម្បីទាក់ទាញអ្នកវិនិយោគិន និងការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី៨ ព្រម ទាំងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី១០ ដែលបានធ្វើឡើងនៅប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៤។ ជាមួយគ្នានេះដែរ ឧត្តមមន្ត្រីទាំងបីប្រទេស ក៏បានពិភាក្សាពីការរៀបចំ ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្របសម្រួល និងជំរុញពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ការចង ក្រងរបាយការណ៍ពង្រាងស្តីពីផែនការសកម្មភាព ដើម្បីតភ្ជាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ និង វៀតណាម រហូតដល់ឆ្នាំ២០៣០ ព្រមទាំងរបាយការណ៍ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ និងជំរុញទេសចរណ៍នៅក្នុងតំបន់ត្រីកោណ និងការបញ្ជូនបញ្ជីគម្រោងអាទិភាពទាំង៥ ដែលស្នើឡើងដោយ ប្រទេសទាំងបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLV លើកទី១០ ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០១៨ នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានធ្វើការលើកឡើងពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ជាពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកលើតំបន់ត្រីកោណនាពេលកន្លងមក និងវឌ្ឍនភាពនៃការកែប្រែផែនការមេស្តីពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស CLV សម្រាប់តំបន់ ត្រីកោណអភិវឌ្ឍន៍ឆ្នាំ២០២០ ផងដែរ៕

560

562

5611

563