ប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង


នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចូលរួមកម្មវិធី (Thematic Forums) នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

តាមការអញ្ជើញរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមកម្មវិធីចំនួន២គឺ កម្មវិធីទំនាក់ទំនងប្រជាជននិងប្រជាជន (Thematic Forum on People-to-People Connectivity) និងកម្មវិធីស្តីពីវិថីសូត្របៃតង (Thematic Forum on Green Silk Road)។ សម្រាប់វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ ឆ្នាំ២០១៩នេះ កម្មវិធីចំនួន ១២ ត្រូវបានរៀបចំឡើងដោយរួមមាន ការតភ្ជាប់គោលនយោបាយ (Policy Connectivity) ការតភ្ជាប់ហិរញ្ញវត្ថុ (Financial Connectivity) ការតភ្ជាប់ប្រជាជននិងប្រជាជន (People-to-People Connectivity) វេទិកាផ្លាស់ប្តូរគំនិត (Think-tank Exchanges) វិថីសូត្រប្រណិត (Clean Silk Road) ការលើកកម្ពស់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (Economic and Trade Cooperation Zone Promotion) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Connectivity) ការតភ្ជាប់ពាណិជ្ជកម្ម (Trade Connectivity) វិថីសូត្របច្ចេកវិទ្យា (Digital Silk Road) វិថីសូត្របៃតង (Green Silk Road) វិថីសូត្រនៃរបកគំហើញថ្មី (Silk Road of Innovation) និងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ (Sub-national Cooperation)។

ក្នុងឱកាសនៃការចូលរួមវេទិកានេះដែរ ប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងត្រូវជួបពិភាក្សាទ្វេរភាគីជាមួយក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមក្រោមវិសាលភាពអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្រ (MOU on Marine Cooperation) រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលសាគរ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ កន្លងទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦-២៩ ខែមេសា ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាននិងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងត្រូវបន្តចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីផ្លូវការមួយចំនួនទៀត នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕