កិច្ចប្រជុំពិនិត្យសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពី៑ ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង


នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំប្រជុំពិនិត្យសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពី៑ “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ” ។

កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសមាសភាពពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍មកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។

សេចក្តីព្រាងអនុក្រឹត្យស្តីពី៑ “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ” ត្រូវបានធ្វើការប្រជុំជាលក្ខណៈផ្លូវការជាមួយក្រសួងអង្គភាពពាក់ព័ន្ធចំនួន៨លើករួចមកហើយ ហើយកិច្ចប្រជុំដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង នៅថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលជារួមទៅលើខ្លឹមសារនៃអនុក្រឹត្យស្តីពី៑ “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ” ក្នុងគោលបំណងដើម្បីបូកសរុប និងកែសម្រួលនូវសេចក្តីព្រាងចុងក្រោយ មុននឹងដាក់ស្នើទៅរាជរដ្ឋាភិបាលដើម្បីសុំការអនុម័ត ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការ ។

លក្ខណៈពិសេសបន្ថែមនៃខ្លឹមសារកែសម្រួលនៃអនុក្រឹត្យនេះ មានដូចតទៅ៖
១- លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតិអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ
២- ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្តពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឲ្យបុគ្គលទី២
៣- លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ៕