ប្រធានមន្ទីរពិសោធន៍ នៃអគ្គយកដ្ឋានគាំពារក្រសួងបរិស្ថាន បានដឹកនាំក្រុមយុវជន JENESYS និងយុវជនវិស័យបរិស្ថាន រៀបចំកម្មវិធី ពលរដ្ឋឆ្លាត បរិស្ថានស្អាត


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកស្រី មាស ច័ន្ទធីតា ប្រធានមន្ទីរពិសោធន៍ នៃអគ្គយកដ្ឋានគាំពារក្រសួងបរិស្ថាន បានដឹកនាំក្រុមយុវជន JENESYS និងយុវជនវិស័យបរិស្ថាន រៀបចំកម្មវិធី «ពលរដ្ឋឆ្លាត បរិស្ថានស្អាត» នៅសាលាបឋមសិក្សាជ្រៃតាសូរ ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោកអភិបាលស្រុកអូររាំងឪ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ២៣០នាក់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៣៖
១.ចែករំលែកនូវបទពិសោធន៍ និងផ្សព្វផ្សាយនូវចំណេះដឹង ដែលមន្ត្រីក្រសួងបរិស្ថានចំនួន ០៦រូប បានចូលរួម និង ទទួលពី កម្មវិធីJENESYS (Japan East-Asian Network for Exchange Students and Youths ) នៅប្រទេសជប៉ុន កាលពីខែកុម្ភះ កន្លងមកនេះ
២.បន្តជំរុញចលនា និងលើកទឹកចិត្ដដល់សិស្សានុសិស្សក្នុងការចូលរួមថែរក្សាបរិស្ថាន ទាំងក្នុងសាលា តាមផ្ទះ សហគមន៍ និងទីសាធារណៈនានា ប្រកបដោយភាពទទួលខុសត្រូវ
៣.ផ្សព្វផ្សាយដល់សិស្សានុសិស្សអោយយល់ពីអត្ថន័យ «ពលរដ្ឋឆ្លាត បរិស្ថានស្អាត»។នៅក្នុងឱកាសនោះ ផងដែរ ក្រុមការងារក៏បានចែកជូននូវសម្ភារៈសិក្សា ដល់សិស្សានុសិស្សទាំង២៣៥នាក់ផងដែរ។