សិក្ខាសាលាស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទរសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងខេត្តសៀមរាប


នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៩នេះ សាខាពន្ធដារខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និង ការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និង លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មន្ត្រីអង្គភាពជំនាញពាក់ព័ន្ធការងារ អចលនទ្រព្យ និង អនុគណៈកម្មការវាយតម្លៃអចលនទ្រព្យខេត្ត សមាគមវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យ រួមទាំងមន្ត្រីមន្ទីរពាក់ព័ន្ធ សាខាពន្ធដារខេត្តដែលបានចូលរួមសរុប ៣០០នាក់ ។

បន្ទាប់ពីកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍ របស់លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត មានប្រសាន៍នោះដែរលោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរចំពោះ សាខាពន្ធដារខេត្ត ដែលជាប្រតិបត្តិករមួយដ៏សំខាន់របស់ ខេត្ត ក្នុងការប្រមូលនូវថវិកាពន្ធដារជូនជាតិ ក្នុងឆ្នាំ២០១៨កន្លងមកនេះ បានលើសផែនការកំណត់ ។

លោកអភិបាលរងខេត្ត បានលើកនូវចំណុចមួយចំនួន ដែលជាដើមហេតុនៃការបង្កឲ្យមានបញ្ហាវិវាទដីធ្លី ហើយខេត្តបានកំពុងធ្វើការដោះស្រាយផងដែរ ។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីការរៀបចំធ្វើប្លង់មេ នៅតាមបណ្តាក្រុង ស្រុក គឺបម្រើដល់អត្ថប្រយោជន៍លើការងារគ្រប់គ្រង និងបង់ពន្ធអចលទ្រព្យទៅពេលអនាគត ។ ម៉្យាងទៀតការរៀបចំប្លង់មេនេះ ក៏ជាការងារងាយស្រួល នៅពេលដែលមានហានីភ័យអី្វកើតឡើង គឺ បង្ក លក្ខណៈងាយស្រួលដល់ក្រុមអ្នកសង្រ្គោះចូលជួយអន្តរាគមន៍បានទាន់ពេល ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានលើកនូវបទ ពិសោធន៍ល្អៗមួយចំនួន ដើមី្បអង្គសិក្ខាធ្វើជាប្រទីប ក្នុងការឆ្លុះបញ្ចាំង ទៅលើការងារបង់ពន្ធអចលនទ្រព្យនៅតាមមូលដ្ឋាន ទាំងដីធ្លី មានប័ណ្ណកម្មសិទ្ធិ និង ប័ណ្ណកាន់កាប់ គឺត្រូវតែទៅបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធ ទៅតាមការកំណត់របស់រដ្ឋ ។ ដើមី្បគ្រប់គ្រងការងារ ដីធ្លីនេះបានល្អ លោកក៏បានអំពាវនាវឲ្យអាជ្ញាធរក្រុង ស្រុក ធ្វើការកំណត់ប្លង់មេ ក្នុងការងាយស្រួលដល់ការធ្វើកម្មសិទ្ធិជាលក្ខណៈ ប្រព័ន្ធ ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ និង ម្ចាស់អចលនទ្រព្យទាំងអស់ ឲ្យចូលទៅបង់ពន្ធនៅសាខាពន្ធដារខេត្ត ។

ឯកឧត្តម ហេង សុខណាង បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធ ស្តីពីការបែងចែក ភូមិសាស្ត្រ និង តម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានកំពុងអនុវត្តជិត ១០ឆ្នាំមកនេះ ដើមី្បឲ្យស្របតាមការ រីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន ។ ក្នុងនោះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានចេញប្រកាស (ស្តីពីការ កំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី០១ កក្កដា ឆ្នាំ ២០១៩នេះ ដើមី្បពង្រឹងការប្រមូលចំណូលពន្ធលើវិស័យអចលនទ្រព្យនៅខេត្តសៀមរាប ដែលជាចំណូលថវិកាថ្នាក់ក្រោមជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត ។ ក្នុងការអនុវត្តប្រកាសនេះ ទាំងក្នុងគោលដៅឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ នៃខេត្តសៀមរាប និង អង្គភាពជំនាញពាក់ព័ន្ធ ត្រូវជួយធ្វើការផ្សព្វផ្សាយបន្ត និង ផ្តល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋឲ្យកាន់ តែល្អប្រសើរឡើង ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានចំណូលពីពន្ធប្រថាប់ត្រា លើការផ្ទេរកម្ម សិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ មានចំនួនប្រមាណ ៣៦ប៊ីលានរៀល ស្មើប្រមាណ ៩លានដុល្លា លើចំនួន អចលនទ្រព្យប្រមាណ ១១ពាន់១៨៤មូលដ្ឋាន ។ បន្ទាប់ពីទទួលបានការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្រសួងក៏បានពិនិត្យកែសម្រួលឧបសម្ព័ន្ធ និង កោះប្រជុំអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យខេត្ត ដើមី្បពិនិត្យ ដោយកំណត់យកតម្លៃថ្មីមិនលើសពី៧០% នៃតម្លៃទីផ្សារជាក់ស្តែង ហើយក្នុងការធ្វើបច្ចុប្បន្នភាពតម្លៃ មានការកែសម្រួលភូមិសាស្ត្រ និង បន្ថែមឬកែសម្រួលកំណត់ផ្លូវមេ តំបន់អភិវឌ្ឍន៍ ឬ បុរីដែលទើប កើតថ្មី និង ទីប្រជុំជន ដើមី្បងាយស្រួលក្នុងការអនុវត្ត និង កាត់បន្ថយកម្រិតលម្អៀងតម្លៃ សំដៅធានាបាននូវសមធម៌ ។ ក្នុងនោះដែរ ឯកឧត្តម ហេង សុខណាង បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងការបង់ពន្ធប្រថាប់ត្រា និង ការផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ព្រមទាំងធ្វើការផ្តាំផ្ញើដល់មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តលើកកម្ពស់ កិច្ចសហការ ក្នុងការជម្រុញកម្មសិទ្ធិករ ឬអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យ សំខាន់ចំពោះម្ចាស់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេរសិទ្ធិកាន់កាប់ នៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ឲ្យចូលទៅបង់ពន្ធប្រថាប់ត្រានៅរដ្ឋបាលសារពើពន្ធ និង ពង្រឹងកិច្ចសហការប្រមូល ពន្ធ ដែលជាគុណប្រយោជន៍សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអស់សក្តានុពល ពន្ធលើដីធ្លីមិនបានប្រប្រាស់ និង ពន្ធលើអចលនទ្រព្យជាដើម និង ត្រូវលើកទឹកចិត្តឲ្យកម្មសិទ្ធិករ អ្នកកាន់កាប់អចលនទ្រព្យក្នុងមូលដ្ឋាន បានបំពេញកាតព្វ កិច្ចបង់ពន្ធបានទាន់ពេលវេលា ។ ម៉្យាងទៀតមន្ត្រីពន្ធដារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌មន្ត្រីពន្ធដារ ក្នុងការពង្រឹងការផ្តល់សេវាកាន់ តែល្អជូនប្រជាពលរដ្ឋ និង ផ្លាស់ប្តូរផ្នត់គំនិតមន្ត្រីរាជការ ពីការត្រួតត្រា ទៅអ្នកផ្តល់សេវា បម្រើប្រជាពលរដ្ឋ គឺធ្វើបាន ធ្វើឲ្យលឿន និង មានតម្លាភាព ៕