សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦


បន្ទាប់ពីជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ២៥នាទីរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បាន អញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ក្នុងនោះរួមមាន៖

១)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម ចាង យុង អនុប្រធានគណៈកម្មការកំណែទំរង់ និងអភិវឌ្ឍន៍ជាតិ។

២)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញ សមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

៣)អនុស្សារណៈ​ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន ចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ។

៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម លីវ លានកី ប្រធានធនាគារចិន

៥)ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន ចុះហត្ថលេខារវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី ក្រសួងការបរទេសចិន

៦)កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេក ទេស ជាហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខារវាង​ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអភិឌ្ឍអន្តរជាតិ របស់ប្រទេសចិន៕