កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ (CLV JCC) ឆ្នាំ២០១៦


សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាផាឡេស មានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះកម្ពុជា ឡាវ និងវៀតណាម (CLV-JCC) ឆ្នាំ២០១៦ ក្រោមការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម សាលឹមសៃ កុំម៉ាសិទ្ធ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឯកឧត្តម ឯកឧត្តម ង្វៀង ជីដុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិយោគវៀតណាម។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងមន្ត្រីអាជ្ញាធរដែនដីផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យមើលលទ្ធផលបឋមនៃកិច្ចប្រជុំឧត្តមមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (SOM-CLV) និងលទ្ធផលនៃកិច្ចប្រជុំ (CLV-JCC) លើកទី១០ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១៥ និងការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីសុំការអនុម័ត និងអនុសាសន៍ណែនាំបន្ថែមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី។
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលបឋម SOM-CLV និងលទ្ធផលកិច្ចប្រជុំពាក់ព័ន្ធ ស្តីពី CLV-DTA រដ្ឋមន្ត្រីដែលជាប្រធានគណៈគណៈកម្មការចម្រុះទាំងបី (JCC) បានកោតសរសើរដល់ការចូលរួមយ៉ាងសកម្មរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីប្រមូលធាតុចូលដ៏មានតម្លៃ សម្រាប់ពន្លឿនការអនុវត្តផែនការមេដែលបានកែសម្រួល និងចូលរួមអនុវត្តន៍លើសេចក្តីថ្លែងការរួមទាំង ១០ចំណុចនៃកិច្ចប្រជុំ CLV-DTA លើកទី៨ សំដៅជំរុញវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ សម្រាប់ខេត្តទនានានៅជាប់ព្រំដែននៃប្រទេសទាំងបី។
បន្ថែមលើនេះ រដ្ឋមន្ត្រីទាំងបីក៏បានថ្លែងអំណរគុណដល់ក្រុមការងារ CLV ដែលបានប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ និងប្រទេសជប៉ុន ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ការអភិវឌ្ឍប្រទេសក្នុងតំបន់មេគង្គ ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ CLV៕

15181569_1347927201916062_449781725452272072_n

15194343_1347927195249396_2046302664087757166_o

15128957_1347927198582729_8771293194190710985_o

15138387_1347927271916055_8954525578184520355_o

15167447_1347927375249378_8596198524090630781_o

15195987_1347927321916050_5932941377215407233_o

15110325_1347927315249384_6490148195094918212_o

15167662_1347927425249373_5468133452240622792_o