នាយឧត្ដមសេនីយ៍ក្រសួងមហាផ្ទៃ ផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៨២១ ខេត្តប៉ៃលិន ឲ្យយកចិត្តទុកដាក់ពង្រឹងវិន័យ និងថែទាំសុខភាព


ប៉ៃលិន ៖ មានប្រសាសន៍លើកឡើងនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២១ ខេត្តប៉ៃលិន នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនគោក៨២១ ខេត្តប៉ៃលិនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងថែទាំសុខភាព ជាពិសេសត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន កសាងលេណដ្ឋាន និងការពង្រឹងកម្លាំងនៅតាមបណ្ដាមូលដ្ឋាននីមួយៗ ។

នៅក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយឧត្ដមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ដប៉ៃលិន និងលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន និងប្រតិភូអមដំណើរជាច្រើននាក់ផងដែរ។

នាយឧត្ដមសេនីយ៍ សំរឹទ្ធ ឌី ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ជាពិសេសភាគីថៃ ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស។

លោក​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក​ ហ៊ុន​ សែន ជានាយករដ្ឋមន្ត្រីបានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធការពារទឹកដីនៅតាមខ្សែរបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យកាន់តែប្រសើឡើង ជាពិសេសជំរុញការចងសម្ព័ន្ធមេត្រីភាព រវាសមរភូមិមុខ និងសមរភូមិក្រោយ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឆ្លើយតបទៅនឹងការគិតគូខ្ពស់របស់សម្តេចតេជោ សែន និងសម្ព័ន្ធមេត្រីភាពសមរភូមិក្រោយ គឺ«នាយ នាយរង និងពលនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើអ្វីដែលជាកាតព្វកិច្ចរបស់កងកម្លាំងការពារព្រំដែន គឺត្រូវខិតខំបង្កើនថែមទៀតនូវការ ការពារនូវបូរណៈភាពទឹកដីរបស់យើង ទោះជាប្រទេសយើងស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមានការទ្វេសប្រហែសក្នុងការការពារបូរណៈភាពទឹកដីរបស់យើងឡើយ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូមអមដំណើរ ក៍បាននាំយកនូវអំណោយ និងថវិកាមួយចំនួនជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន ផងដែរ៕