ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រជុំ ពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលក្រសួងបាននិងកំពុងសហការអនុវត្តជាមួយដៃគូអភិវឌ្ឍនានាក្នុងក្របខណ្ឌវិស័យកសិកម្ម


នៅទីស្តីការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រជុំមួយក្នុងគោលបំណង៖ ទី១- ពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលក្រសួងបាននិងកំពុងសហការអនុវត្តជាមួយដៃគូអភិវឌ្ឍនានាក្នុងក្របខណ្ឌវិស័យកសិកម្ម និងទី២-ស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ប្រមូលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពនិងប្រសិទ្ធផល ប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាល យុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩_-២០២៣ និងជាពិសេសសមស្របតាមកំណើនសេដ្ឋកិច្ច កំណើន ប្រជាជន ភ្ញៀវទេសចរណ៍ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាបាលនាឆ្នាំ២០៣០។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព និងមន្រ្តីបង្គោលអនុវត្តគម្រោង។
មន្រ្តីបង្គោលបានធ្វើបទបង្ហាញជាបន្តបន្ទាប់ជូនអង្គប្រជុំបានជ្រាបពីវឌ្ឍនភាពរបស់គម្រោង៖ ទី១-គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃកសិកម្ម ទី២- វឌ្ឍនភាពនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ទី៣-គម្រោងជំរុញផលិតកម្មស្បៀង ទី៤-គម្រោងផលិតកម្មស្បៀងនិងការនាំចេញអង្ករ។ គម្រោងទាំង ០៤ បានលើកយកចំណុចសំខាន់ៗមកបកស្រាយជូនអង្គប្រជុំជ្រាបអំពី៖ -គោលបំណង ថវិកាចំណាយ ប្រភពថវិកា ពេលវេលាអនុវត្តគម្រោង ខេត្តគោលដៅ ដៃគូអនុវត្តគម្រោង លទ្ធផលអន្តរកាល លទ្ធផលរំពឹងទុក បញ្ហាប្រឈម ការចោទសួរ និងចម្លើយរបស់សមាជិក សមាជិកា និងជាពិសេសការបកស្រាយ ការផ្តល់ជាគំនិត និងយុទ្ធសាស្រ្តល្អៗរបស់ឯកឧត្តមរដ្ឋមន្រ្តីសម្រាប់មន្រ្តីអនុវត្តគម្រោងយកទៅធ្វើការកែលម្អដើម្បីឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យបន្ថែមទៀត។ ភ្ជាប់ជាមួយលទ្ធផល ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាសមិទ្ធផលដែលគម្រោងសម្រេចបាននាពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីគុណូបការៈរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ និងដៃគូអភិវឌ្ឍនានាដែលបានជួយឧបត្ថម្ភ គាំទ្រទាំងធនធានថវិកា និងបច្ចេទេសដើម្បីអនុវត្តគម្រោងក្នុង។ លោកបានថ្លែងអំណរគុណជូនចំពោះរាជ រដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានជួយជ្រោមជ្រែង សហការក្នុងការអនុវត្តគម្រោងនានារហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយសង្ឃឹមនិងជឿជាក់ថាកិច្ចសហការដ៏ប្រពៃនេះនឹងបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរថែមទៀតក្នុងបរិបទតំណែទម្រង់ស៊ីជម្រៅដើម្បីកំណើនសេដ្ឋកិច្ច។ ផ្សាភ្ជាប់ការអនុវត្តគម្រោងខាងលើនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុក៏បានធ្វើបទបង្ហាញអំពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២ ក្នុងន័យធ្វើយ៉ាងណាឲ្យការប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយការប្រើប្រាស់ថវិការដ្ឋ និងផ្សាភ្ជាប់ទៅនឹងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីក្តាប់បាននូវរាល់ខ្លឹមសារសំខាន់ៗនៃបទបង្ហាញ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គប្រជុំថា យើងទទួលស្គាល់ថាជាទូទៅថាការអនុវត្តគម្រោងជាក់ស្តែងនៅមូលដ្ឋានតែងតែផលិតបាននូវលទ្ធផលល្អៗ ហើយក៏ជួបប្រទះនូវចំណុចខ្វះខាត ដូច្នេះដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងគម្រោង និងបន្តធ្វើនវានុវត្តន៍នូវរាល់ផែនការសកម្មភាពអនុវត្តគម្រោងឲ្យបានទទួលបានជោគជ័យតាមការគ្រោងទុក លោកបានជូនអនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១- មន្រ្តីដឹកនាំគម្រោងត្រូវមានឆន្ទះមោះមុត ឈរលើទឡី្ហករណ៍ច្បាស់លាស់ក្នុងការចរចាថវិកាដើម្បីយកមកអនុវត្តគម្រោង ធ្វើយ៉ាងណាឲ្យគម្រោងគ្របដណ្តប់លើវិសាលភាពធំទូលំទូលាយនៃវិស័យកសិកម្ម។ ម៉្យាងទៀត គម្រោងត្រូវជ្រើសរើសកម្មវត្ថុឲ្យបានសមស្របតាមផែនការនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឆ្លើយតមទៅនឹងសេចក្តីត្រូវការរបស់អ្នកទទួលផលជាក់ស្តែង ជាពិសេសលទ្ធផលរំពឹងទុកគឺត្រូវឆ្លើយតបទៅតាមឆន្ទៈ និងសូចនាករណ៍របស់រាជរដ្ឋាភិបាល។
២- ត្រូវមានផែនការ ឬកម្មវិធីវាយតម្លៃលទ្ធផលគម្រោងឲ្យបានល្អិតល្អន់ និងសុក្រឹត្យទៅតាមតំណាក់កាលៗ ដើម្បីធ្វើការវាស់វែងពីការកែប្រែ ឬផ្លាស់ប្តូរកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសហគមន៍ពិតប្រាកដ សាកសមទៅនឹងពេលវេលា ជាពិសេសថវិការបស់រដ្ឋ ដៃគូអភិវឌ្ឍ ភ្នាក់ងារអភិវឌ្ឍអភិវឌ្ឍជាតិ និងអន្តរជាតិនានា ដែលបានចំណាយ។
៣- ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតាមបណ្តាខេត្តគោលដៅអនុវត្តគម្រោងត្រូវចូលរួមគាំទ្រ និងបង្កើនកិច្ចសហការឲ្យបានល្អប្រសើរប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍឲ្យចំគោលដៅ និងឆ្លើយតបទៅតាមអ្វីដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវការ និងចង់បាន។
៤- នាយកគម្រោង ឬមន្រ្តីបង្គោលនៃគម្រោងគួររៀបចំបង្កើតឯកសារខ្លីៗ (វីដេអូគ្លីប) បង្ហាញពីលទ្ធផលគម្រោងជាក់ស្តែងជាសាធារណៈ ជាពិសសការកែប្រែកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្រោយពេលទទួលបានផលប្រយោជន៍ពីគម្រោង។
៥- នាយកគម្រោង មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងទាំងអស់គ្រប់ជំនាញគួរតែរៀបចំកម្មវិធីប្រជុំជាប្រចាំដើម្បីវាយតម្លៃលើលទ្ធផលបឋម ចែករំលែកបទពិសោធន៍ ឬមេរៀនល្អៗពីគ្រប់ភាគីអនុវត្តគម្រោង ធ្វើការលើកឡើងចំណុចខ្លាំង កែលម្អចំណុចខ្សោយគ្រប់ជ្រុងជ្រោយ រួចដាក់ចេញនូវវិធានការដោះស្រាយជាចង្កោម សមស្របតាមស្ថានភាព ស្ថានការណ៍ គ្រប់កាលៈទេសៈ និងស្របតាមបរិបទនៃគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង។
៦- ត្រូវបង្កើនសមត្ថភាព និងភាពវៃឆ្លាតក្នុងការដឹកនាំ ការអនុវត្តគម្រោងថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ បង្កើនតម្លៃ ជំនឿទុកចិត្ត និងនិរន្តរភាព។
៧- គម្រោងគួរពង្រឹងសមត្ថភាពដល់សហគមន៍ក្នុងការផលិតពូជដំណាំ បន្លែ ស្រូវ និងត្រី ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងសហគមន៍ កាត់បន្ថយទុនផលិត និងការនាំចូល។ ករណីនេះអាចធ្វើកិច្ចសន្យាជាមួយដៃគូអភិវឌ្ឍ ឬក្រុមហ៊ុនឯកជនក្នុងការ ផលិតពូជ ធានាបរិមាណ និងគុណភាពពូជ ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៨-គម្រោងគួរពិនិត្យឡើងវិញនូវចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តកសិកម្មល្អ (GAP) ព្រោះការទទួលយកបច្ចេកវិទ្យាទំនើបៗ មួយចំនួនរបស់បងប្អូនប្រជាកសិករយកទៅអនុវត្តនៅមានកម្រិត។