ឯកឧត្តម ប៊ុន ហ៊ាន បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយ គ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម


ព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយ គ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះ បណ្តាលនេះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ លើកឡើងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ត្រូវបានសហការរៀបចំឡើងដោយ ក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ (២០១៦-២០២០)។ ក្នុងគោលបំណងរួមគឺចង់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម យល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សវនដ្ឋាន ពីនីតិវិធីសវនកម្មនិងពីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង។ ការបណ្តុះ បណ្តាលនេះគឺពិតជាបានបង្ហាញឱ្យឃើញ នូវការគាំទ្រ និងជាប្រធានបទដ៏មានសារៈសំខាន់ និងឆ្លើយតបបានចំពេលវេលានៃតម្រូវការរបស់មន្ត្រីរាជការ ក្រសួងធនធានទឹក និងឧតុនិយម ពិសេសនៅក្នុងកម្មវិធីនៃកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិការទៅនឹងគោលនយោបាយ” ព្រមទាំងការត្រៀមខ្លួនសម្រាប់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ។