សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៩


នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរទៀតគឺ ឡាវ និងវៀតណាម ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសណ្ឋាគារ Apsara Palace ខេត្តសៀមរាប។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលកាលពីរសៀលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោកនាយករដ្ឋមន្ត្រីឡាវ និងលោកនាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងសមាជិកប្រតិភូនៃប្រទេសទាំងពីរ ដែលបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះលើទឹកដីអង្គរដ៍ស្រស់បវរនៃខេត្តសៀមរាប។
សម្តេចតេជោចាត់ទុកកិច្ចប្រជុំកំពូលលើកទី៩នេះ គឺជាវេទិកាដ៏ល្អសំរាប់ប្រទេសទាំង៣បានជួបជុំបូកសរុបនូវលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់យើង ព្រមទាំងបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែសុីជម្រៅនិងទូលំទូលាយនៅក្នុងតំបន់ត្រីកោណនេះ ក្នុងនោះគឺសម្រេចអោយបាននូវផែនការមេសំរាប់ការអភិវឌ្ឍនានាដែលត្រូវបានដាក់ចេញ នាពេលកន្លងមក។ លើសពីនេះកិច្ចប្រជុំកំពូលនេះ ក៏បានផ្តល់ នូវឱកាសសំរាប់ប្រមុខដឹកនាំនៃប្រទេសទាំង៣ពង្រឹង និងពង្រីកចំណងមិត្តភាព និងបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីផ្សេងទៀត។ សម្តេចតេជោ មានមោទនៈភាព និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំឧត្តមមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានលទ្ធផលជាច្រើន ដែលក្នុងនោះរួមមានការអនុវត្តន៍គំរោងនានានៅក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការទប់ស្កាត់ការជួញដូរមនុស្សនិងគ្រឿងញៀន ការសម្របសម្រួលពាណិជ្ជកម្ម ការបង្កើតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍកសិកម្មជាដើម។ ទន្ទឹមនេះដែរ យន្តការផ្សេងៗក៍ត្រូវបានដាក់ចេញដើម្បីដោះស្រាយអោយបានទាន់ពេល និងជម្រុញសកម្មភាពវិនិយោគ និងអាជីវកម្មរបស់សហគមន៍ធុរកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឈន៍កម្ពុជា ឡាវ និងវៀតណាម។
សម្តេចតេជោ ក៏បានរំលឹកផងដែរចំពោះវេទិកាយុវជន និងការតាំងពិព័រណ៌ពាណិជ្ជកម្មនិងទេសចរណ៍ ក៍ដូចជាលទ្ធផលនៃសន្និសីទពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការជម្រុញវិស័យទេសចរណ៍នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី៧ដល់ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងប៉ាក់សេ នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ សម្តេចតេជោ បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការលើកទី៣ ស្តីពីសន្តិសុខ និងកិច្ចការពាជាតិនៃប្រទេស CLV នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញ៉ាចាង ខេត្ត ថាញ់ហ៊រ ប្រទេសវៀតណាមផងដែរ។
កិច្ចប្រជុំកំពូលនៃប្រទេសទាំង៣នៅរសៀលថ្ងៃនេះគឺបានបង្កើននូវមិត្តភាព ការយោគយល់ និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជាតិទាំងអស់។ សម្តេចតេជោ ហ៊ុន សែន មានមោទនៈយ៉ាងខ្លាំងដែលប្រទេសទាំងបីបានខិតខំនៅក្នុងកិច្ចប្រជុំ CLV ដ៏មានសារៈសំខាន់ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចប្រមុខដឹកនាំកម្ពុជា៕

15181133_1348154145226701_3752147733228357047_n

15179151_1348154135226702_2631889601567618165_n

15078534_1348154288560020_3072076405568891290_n

15078950_1348154031893379_8327358381357996117_n

15178204_1348154151893367_2242093073554891013_n

15179046_1348154258560023_2778048135321970578_n

15179099_1348154285226687_7061378400767785068_n