ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយស សរុបប្រមាណ ១០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាបានចាត់ទុកការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤។ ទោះបីនៅពេលនេះកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ក្នុងការក្តាប់យកនូវកាលានុវត្តភាពពីបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤.០ និងបច្ចេកវិទ្យាឌីជីថល ដោយឈរលើមូលដ្ឋានមួយចំនួនដូចជា៖ ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើនមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស, ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ឆ្លាតវៃ, ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាតាមរយៈនៃការវិនិយោគផ្ទាល់ពីបរទេស, និងឌីជីថលភាវូបនីយកម្មដែលកំពុងជៈឥទ្ធិពលជាវិជ្ជមាន នៅក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅប្រទេសកម្ពុជា សេដ្ឋកិច្ចឌីជីថលបាននឹងកំពុងលេចរូបរាងជាបណ្តើរៗ ដូចជាការប្រើប្រាស់ការទូទាត់ឌីជីថល ការកើនឡើងនៃសកម្មភាពកំសាន្តតាមអនឡាញ សកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ សបញ្ជាក់ពីស្មារតីនៃការចូលរួមសហការគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមថាអនុស្សរណៈនេះនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការសម្រេចនូវគោលដៅនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជារួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕