ឯកឧត្តមបណ្ឌិត អ៉ិត សំហេងបានអនុញ្ញាតអោយគណៈប្រតិភូនៃសហជីពជប៉ុនប្រចាំផ្សារទំនើបអ៉ីអនចូលជួបសំណេះសំណាល


នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតអោយគណៈប្រតិភូនៃសហជីពជប៉ុនប្រចាំផ្សារទំនើបអ៉ីអន ដែលដឹកនាំដោយលោក Tetsuro Murakami នាយកការិយាល័យកិច្ចការអន្តរជាតិចូលជួបសំណេះសំណាល។
ក្នុងជំនួបនេះ លោកនាយកបានសម្តែងនូវភាពរីករាយ និងកោតសរសើរចំពោះក្រសួងដែលតែងតែបានយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់កម្មករនិយោជិត និយោជក និងសិទ្ធិសេរីភាពសហជីព។ លោកនាយកក៏បានជម្រាបផងដែរថា គោលបំណងនៃជំនួបពិភាក្សាការងារនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាពសហជីពក្នុងប្រទេសកម្ពុជា ក៏ដូចជាច្បាប់ស្ដីពីការងារ, ច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូន
ថាក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា តាមរយៈយន្តការជាច្រើន សំដៅពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ សេរីភាពសហជីព និយោជក និងកម្មករនិយោជិត។ ទន្ទឹមនោះ
ក្រសួងកំពុងតែគិតគូអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាដែលត្រូវដំឡើងជារៀងរាល់ឆ្នាំ ការយកដាក់ទុកអនុវត្តរបបសន្តិសុខសង្គម ដែលបច្ចុប្បន្ននេះ បានអនុវត្តរួចហើយ នូវរបបហានិយភ័យការងារ និងរបបថែទាំសុខភាព ហើយឆ្នាំក្រោយ នឹងគិតគូបន្ថែមទៀតដល់របបចូលនិវត្តន៍របស់កម្មករនិយោជិត ឲ្យតែកម្មករនិយោជិតយើង ខិតខំធ្វើការឲ្យបាននឹងនរ នោះសុខភាព និងជីវភាពនៃការរស់នៅ នឹងត្រូវបានធានារហូតដល់ចាស់ និងការអនុវត្តច្បាប់ស្តីពីសហជីព អោយមានប្រសិទ្ធភាពផងដែរ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឲ្យសហជីពនៅផ្សារទំនើបអុីអន ត្រូវយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនឲ្យស្របតាមលក្ខខន្តិកៈ និងច្បាប់ស្ដីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ខិតខំការពារសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងខិតខំពង្រឹងអង្គការចាត់តាំងរបស់ខ្លួនឲ្យបានល្អ សំខាន់បំផុតត្រូវមានទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយនិយោជក។ រាល់បញ្ហាអ្វី ដែលជាកង្វល់របស់កម្មករនិយោជិត ចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ មិនត្រូវទុកបញ្ហាទាំងនោះឲ្យកាន់តែធំនោះឡើយ ដោយត្រូវចាត់ទុកផ្សារអ៉ីអន ជាឆ្នាំងបាយរួមរបស់និយោជក ក៏ដូចជាកម្មករនិយោជិត។

ss1

ss2

ss3

ss5

ss4