អភិបាលខេត្តប៉ៃលិន ពិនិត្យមើលផ្លូវ ៣ខ្សែរ នៅក្នុងសង្កាត់ប៉ៃលិន ដែលទើបស្ថាបនារួចរាល់ ១០០%


ប៉ៃលិន៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ អញ្ជើញពិនិត្យមើលផ្លូវបូតុងចំនួន ២ខ្សែរ និងផ្លូវលំក្រាលក្រួស ចំនួន ១ខ្សែរ ដែលទើបស្ថាបនាហើយរួចរាល់ ១០០% ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ពីព្រោះផ្លូវទាំង ៣ខ្សែរនេះ មិនត្រឹមតែផ្តល់នូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះទេ គឺវាបានផ្តល់នូវសោភ័ណភាពសម្រាប់ទីក្រុងផងដែរ។

សូមបញ្ជាក់ថា៖ ផ្លូវដែលបានស្ថាបនារួចរាល់ ១០០% ទាំង ៣ខ្សែរ គឺ ខ្សែរទី១-ផ្លូវបេតុង ប្រវែង ៤០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ ខ្សែរទី២-ផ្លូវបេតុង ប្រវែង ៥០០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដាក់លូ មុខ ១០០ ចំនួន ២កន្លែង ស្ថិតក្នុងភូមិភូមិវត្ត និងខ្សែរទី៣-ផ្លូវក្រាលក្រួស ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៧ម៉ែត្រ ដាក់លូមុខ១០០ ចំនួន ២កន្លែង និងលូប្រអប់ ចំនួន ១កន្លែង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត។