គណបក្សប្រជាជនកម្ពុជា បន្តដោះស្រាយបញ្ហាអាទិភាព ជូនប្រជាជន


     គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹក​នាំ​រាជរដ្ឋាភិបាល បាន​បន្ត​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​អាទិភាព​ប្រជាជន​បន្ថែម​ទៀត ​ក្រោយ​កិច្ច​ប្រឹង​ប្រែង​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​មួយ​ចំនួន​ ទាក់​ទង​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ​។

     នា​ពេល​នេះ​ បញ្ហា​ដែល​ស្នើ​ដោយ​ប្រជាជន​ ចេះ​តែ​លេច​ឡើង បន្ទាប់​ពី​សំណើ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​រួច​រាល់​។ ក្នុង​មហា​សន្និបាត​មួយ​របស់​គណបក្ស​រយៈ​ពេល​ ២​ថ្ងៃ​ នា​ចុង​សប្តាហ៍​កន្លង​មក​នេះ យ៉ាង​ហោច​សេចក្តី​សម្រេច​ចំនួន ​២​ថែម​ទៀត បាន​ឆ្លើយ​តប​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ ។

     សម្តេច​តេជោ​​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​សម្រេច​ជា​ផ្លូវ​ការ ការ​លើក​លែង​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ និង​សម្តេច បាន​ជួយ​សម្រូល​លើ​ថ្លៃ​អគ្គីសនី ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​ ២០១៧ ​ខាង​មុខ​ ។ ក្នុង​ហ្វេស​ប៊ុក​របស់​សម្តេច ​បាន​ចុះ​ហត្ថលេខា​ស្តីពី​ការ​លើក​លែង​ពន្ធ​ ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​រវាង​ឪពុក ម្តាយ​បង្កើត និង​កូន​បង្កើត​… រវាង​ប្តី​ប្រពន្ធ និង​រវាង យាយ តា ចៅបង្កើត ថែម​ទៀត​ផង​ដែរ ​។ ក្រៅ​ពី​ការ​សម្រេច​លើក​លែង​ពន្ធ​ប្រថាប់​ត្រា​ លើ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​នេះ​ទៀត សម្តេច​បាន​សរសេរ​ក្នុង​ហ្វេស​ប៊ុក​ថា ចាប់​ពី​ខែ​មេសា ឆ្នាំ ​២០១៧ ទៅ… ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​បណ្តាញ​អគ្គីសនី​រដ្ឋ​ក្នុង​បរិមាណ​ពី ៥០​គីឡូ​វ៉ាត់​ម៉ោង ក្នុង​មួយ​ខែ​ចុះ​ក្រោម គឺ​តម្រូវ​បង់​ថ្លៃ​ត្រឹម​តែ​ ៦១០​រៀល តែ​ប៉ុណ្ណោះ​។

     គួរ​រលឹក​ថា ជាមួយ​នឹង​ការ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​នេះ ការ​ស្នើ​សុំ​បន្ថែម​ទៀត​ពី​សាធា​រណជន ត្រូវ​គេ​ឃើញ​បាន​លេច​ឡើង​ជា​លំដាប់​ ។ ពេល​នេះ​សេចក្តី​ស្នើ​សុំ​មួយ​ទៀត បាន​លើ​ឡើង​ពី​ក្រុម​ដែល​បាន​ទិញ​រថយន្ត​ទំនើប​គ្មាន​ពន្ធ​ ។ ក្រុម​អ្នក​ទិញ​រថយន្ត​គេច​ពន្ធ​ជា​ច្រើន​ដោយ​សារ​ការ​តម្រូវ​របស់​គយ​រដ្ឋាករ ​ត្រូវ​បង់​ពិន័យ​លើ​ពន្ធ​នាំ​ចូល​ ពួក​គេ​ជា​ច្រើន​នៅ​មិន​ទាន់​បាន​ចូល​បង់​ពន្ធ​នៅ​ឡើយ​ទេ​ ។

     យោង​តាម​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ក្នុង​រយៈ​ពេល​ ១១​ថ្ងៃ​ ដែល​មាន​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី រថយន្ត​ដែល​ចូល​បង់​ពន្ធ​គយ​មាន​ចំនួន​តែ​ ៧​គ្រឿង​ តែ​ប៉ុណ្ណោះ ដែល​រថយន្ត​ទំនើប​គេច​ពន្ធ​ជា​ច្រើន នៅ​តែ​បន្ត​ការ​គេច​វេស​ ។ ក្រុម​ទាំង​ឡាយ​នោះ បាន​សរសេរ​ស្នើ​រក​ការ​ជួយ​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល ​ដើម្បី​បញ្ឈប់​លើ​ការ​បង់​ប្រាក់​ពិន័យ​ ។ យោង​តាម​ច្បាប់ យាន​យន្ត​នាំ​ចូល​ក្រោម​សេរី​ឆ្នាំ​ ២០១៣​ ចុះ​ទៅ នឹង​តម្រូវ​ការ​បង់​ប្រាក់​ពិន័យ​ ១៥​ភាគ​រយ ​បន្ថែម​ពី​លើ​ពន្ធ​នាំ​ចូល… ​ចំណែក​រថយន្ត​ទំនើប​ណា​ផលិត​ចាប់​ពី​ឆ្នាំ​ ២០១៤​ ឡើង​ទៅ ត្រូវ​បង់​ពិន័យ ​២០​ភាគ​រយ​ ពី​លើ​ពន្ធ​នាំ​ចូល.​.. ប៉ុន្តែ​ក្រុម​អ្នក​ទិញ​រថយន្ត​គេច​ពន្ធ បាន​ស្នើ​សុំ​អោយ​រាជរដ្ឋាភិបាល​ពិចារណា​ ការ​បញ្ឈប់​លើ​ការ​បង់​ប្រាក់​ពិន័យ​ ១៥​ និង​ ២០​ភាគ​រយ ​នោះ ​។ សេចក្តី​ស្នើ​ថ្មី នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​ ។

Sanibat 12 01 16 2 copy

Sanibat 12 01 16 3 copy