មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ចែកគ្រាប់ពូជដំណាំដល់ប្រជាកសិករប្រមាណជា១០០គ្រួសារ


មណ្ឌលគិរី៖ ដើម្បីឱ្យប្រជាកសិករមានគ្រាប់ពូជដំណាំល្អ សម្រាប់ដាំដុះនារដូវវស្សាវនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រាប់ពូជដំណាំពីរប្រភេទ ចែកជូនដល់កសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូច្នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានរៀបចំចែកគ្រាប់ពូជដំណាំជូនដល់កសិករ ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះ ត្រូវយកគ្រាប់ពូជដំណាំទាំងនេះទៅដាំដុះ ឲ្យទាន់ពេលវេលា ព្រោះរដូវនេះ ជារដូវស្សា ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវការដាំដុះនូវដំណាំផ្សេងៗ ជៀសវាងទុកដីទំនេរចោល។ ហើយត្រូវយកគ្រាប់ពូជដំណាំទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ ។ ឯកឧត្តម ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ម្យ៉ាងទៀត រដូវនេះ ជារដូវវស្សា សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ នៅពេលមានភ្លៀង ផ្គរ រន្ទះ ត្រូវបិទគ្រឿងអេឡិចត្រូនិច ជៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ។
តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សុង ឃាង បានបញ្ជាក់ថា ដំណាំគ្រាប់ពូជពីរប្រភេទ ដែលចែកជូនដល់ប្រជាកសិករនៅឃុំពូជ្រៃ មានចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជពោត១គីឡូក្រាម និងគ្រាប់សណ្តែកបាយ២គីឡូក្រាម។ លោក បានបន្ថែមថា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវស្សា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយអាជ្ញាធរស្រុក បានធ្វើការចែកគ្រាប់ពូជដំណាំនានា ជូនដល់ប្រជាកសិករ។ លោក ប្រធានមន្ទីរកសិកម្ម សង្ឃឹមថា កសិករទាំងអស់ នឹងយកគ្រាប់ពូជដំណាំទាំងនេះ ទៅតាមដុះឱ្យទាន់ពេលវេលា និងតាមបច្ចេកទេស ដែលមន្ទីរកសិកម្ម បានណែនាំ ជៀសវាងទុកដីទំនេរចោល៕