ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប ឯកអគ្គរដ្ឋទូតនៃសាធា រណ:រដ្ឋហ្វីលីពីន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Chrisopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធា រណ:រដ្ឋហ្វីលីពីនដើម្បីជម្រាបលាបន្ទាប់ពីអាណត្តិបេសកកម្មការទូតរបស់លោកក្នុងព្រះរាជាណា ចក្រកម្ពុជាត្រូវបានបញ្ចប់។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយសង្ឃឹមនិងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាចនឹងឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួននាឆ្នាំ២០៣០។ លោកក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលកន្លងមកបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរជាមួយរដ្ឋាភិបាលហ្វីលីពីនតាមរយ:ស្ថានទូតក្នុងកិច្ចការសំខាន់ៗជាច្រើន ហើយលោកសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ។ ឯកអគ្គរដ្ឋទូតសង្ឃឹម និងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគតជា ពិសេសលើវិស័យកសិកម្ម។ ទាក់ទងនឹងវិស័យនេះ ឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាបច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបាននិងកំពុងដាក់ទុនវិនិយោគកែច្នៃស្វាយនៅខេត្ត ព្រៃវែង ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន និងទីផ្សារអន្តរជាតិ ហើយក្នុងពេលឆាប់ៗខាងមុខនឹងមានក្រុមហ៊ុនហ្វីលីពីនមកសិក្សាពីសក្តានុពលដំណាំស្រូវនៅកម្ពុជាបំណងវិនិយោគរួចកែច្នៃអង្ករដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងជួយជំរុញឲ្យមានជើងហោះហើរដោយត្រង់រវាងប្រទេសទាំងពីរនាពេលអនាគតប្រយោជន៍ដើម្បីកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។

នាឱកាសនេះ តាងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរូប លោកផ្ទាល់ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងអំឡុងបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឃើញថាកិច្ចសហការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្មមានការរីកចម្រើនគួរជាទីមោទន: ហើយលោកសង្ឃឹមថាកិច្ចសហការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសស្នើសុំធ្វើការផ្លាស់ប្តូរ ដកស្រង់បទពិសោធន៍របស់មន្រ្តីជំនាញទាក់ទងបច្ចេកវិទ្យាកែច្នៃស្វាយ បច្ចេកទេសដាំណាំស្រូវ និងកែច្នៃផលិតផលចេក។ ដោយឡែកចំពោះផលិតផលអង្ករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យរដ្ឋាភិបាលពិចារណាក្នុងការនាំអង្ករកម្ពុជាចូលទៅកាន់ទីផ្សារហ្វីលីពីននាពេលអនាគត។

ជំនួបត្រូវបានបញ្ចប់ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃក្នុង នាមជាសមាជិកអាស៊ានស្របតាមបាវចន: ទស្សនតែមួយ សហគមន៍តែមួយ និងអត្តសញ្ញាណតែមួយ។