ពិធីសម្ភោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន


នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែន សុខ មានរៀបចំពិធីសម្ភោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លី អានទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏មានឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិបានអញ្ជើញចូលរួមជាសក្ខីភាពផងដែរ។ តំណាងឲ្យក្រុមហ៊ុនទាំង០៥ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកទៅប្រទេសចិនបានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរហូតឈានដល់ការសម្រេចបានលទ្ធផលនាថ្ងៃនេះ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានឡើងរាយការណ៍ជូនអង្គពិធីជ្រាបអំពីផលិតកម្មចេកអំបូងលឿងដែលកំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់នាចាប់ពីពេលនេះតទៅ។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ដោយសង្ខេបពីដំណើរការនៃការចរចារជា មួយភាគីចិនអំពីនីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគ យល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិន។

បន្ទាប់ពីឯកឧត្តម លី អានបានឡើងមានមតិសំណេះសំណាលរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក អបអរសាទរ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះពិធីសម្ពោធការនាំចេញផ្លែចេកស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដែលរៀប ចំដោយកិច្ចសហការរវាងក្រសួង ជាមួយស្ថានទូតចិននាពេលនេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តមតំណាងឲ្យឯកអគ្គរដ្ឋទូត ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ទាក់ទងនឹងពិធីនាថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថាដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់គឺធ្វើយ៉ាងណានាំកសិផលកម្ពុជាឲ្យបានចូលក្នុងទីផ្សារអន្តរជាតិ ហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធបានទទួលលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែងគឺថ្ងៃនេះ។ ពិតណាស់លទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីទាំងពីរក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណាដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចុះ ពិធីសារស្តីពីការអនុញ្ញាតឲ្យកម្ពុជាអាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន។ ក្នុងចំណោម១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន០៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានរំឭកជូនអង្គពិធីជ្រាបផងដែរថា ពិធីនាថ្ងៃនេះស្របពេលដែលប្រទេសទាំងពីរត្រៀមរៀបចំពិធីរំលឹកខួបលើទី៦១ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតដែលភាគីទាំងពីរបានកំណត់ថា “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន ដែលភាគីទាំងពីរបានចុះហត្ថលេខាតាំងពីនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅទីក្រុងប៉េកាំង។ ជាការពិត ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះបានផ្តល់នូវផល ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាតាមរយ:ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងការវិនិយោគ។ល។ សមិទ្ធផលទាំងអស់នេះបាន និងកំពុងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិឲ្យមាននិរន្តរភាព។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ទូលំទូលាយ និងស៊ីជម្រៅ ដោយយកស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។