សម្តេចចៅហ្វាវាំង គង់ សំអុល បានរំលឹកថាៈទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បី គោរពវិញ្ញណក្ខន្ទ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមទប់ស្កាត់មិនអោយរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំង គង់ សំអុលសមាជិកអចិន្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស
ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានរំលឹកបែបនេះនាព្រឹកទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្នុង ពិធី ទិវាជាតិនៃចងចាំ ២០ ឧសភា ដើម្បី គោរពវិញ្ញណក្ខន្ទ ឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែល
បានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុងស្រុក ឃុំ សង្កាត់សរុបចំនួន១.៩៧៥នាក់។

សម្តេចចៅហ្វាវាំងគង់ សំអុល បានមានប្រសាសន៍បន្តថាៈ ថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និង ប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិបំផុត ក្នុងរបបប្រល័យពូជសាសន៍
អាវខ្មៅប៉ុលពត។

សម្តេចបានបន្តទៀតថា ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។

សម្តេច ក៏បានអំពាវនាវឯកឧត្តមលោកជំទាវលោកលោកស្រីក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យជនអគតិមកញុះញង់បំផ្លាញជាដាច់ខាត ហើយសូមអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង ស្រុក អាណត្តិទី៣ គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី
ប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរ សម្តេច ឯកឧត្តមលោកជំទាវ លោកលោកស្រីក្នុងអង្គពិធីក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះស្ឃចំនួន ៤១ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមអោយដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់ សូមឲ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។