ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦–គ្រឿងស្រវឹងពិតជានាំមកនូវផលវិបាកដល់បុគ្គល និងសង្គមជាតិ រួមមាន អំពើហិង្សា ក្នុងគ្រួសារ ខូតខាតដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈ គ្រោះថ្នាក់ចរាចរ និងបណ្តាល ឱ្យមានបញ្ហាផ្សេងៗជាច្រើនទៀត។
នេះជាការលើកឡើងរបស់ លោកជំទាវ ម៉ែន សំអន នៅក្នុងសិក្ខាសាលាស្តីពីស្រ្តីនិងគ្រឿងស្រវឹង កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់។
លោកជំទាវ ម៉ែន សំអន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានបញ្ជាក់ថា គ្រឿងស្រវឹងភាគច្រើនត្រូវបានយកមកប្រើប្រាស់នៅពេលជួបមិត្តភក្តិ ក្នុងពិធីជប់លៀង និងកម្មវិធីអបអរសាទរក្នុងបរិយាកាសសប្បាយរីករាយផ្សេងៗ។
លោកជំទាវបានលើកឡើងថា តាមរយៈភស្តុតាងវិទ្យាសាស្រ្ត របស់អង្គការសុខ ភាពពិភពលោកដែរថា ការសេពគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងមុខងារខួរក្បាលរបស់បុគ្គល អ្នកប្រើប្រាស់គ្រឿងស្រវឹង។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ការប្រើប្រាស់គ្រឿង ស្រវឹងគឺជាកត្តា លីករជំរុញឱ្យមាន ការប្រព្រឹត្តអំពើហិង្សា តាមការស្រាវជ្រាវ របស់ក្រសួងកិច្ចការនារី បានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារ កើនឡើងវាស្របពេលគ្នា នៃការសេពគ្រឿងស្រវឹង ញឹកញាប់របស់ជនបង្ក។ ដើម្បីកាត់បន្ថយ ឬទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ចាំបាច់ត្រូវកាត់បន្ថយការសេពគ្រឿងស្រវឹង។
លោកជំទាវ ម៉ែន សំអន បានស្នើដល់ស្ថាប័នពាក់ព័ន្ធដែល មានសមត្ថកិច្ចជំនាញ ពិនិត្យនិងមានវិធានការទប់ស្កាត់រាល់ខ្លឹមសាររូបភាពនៃការផ្សព្វផ្សាយ ដែលមានលក្ខណៈ ជំរុញលើកទឹកចិត្តនៃការប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីផ្តល់នូវភាពសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្តជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តីនិងកុមារ។
លោកមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំ គ្រឿងស្រវឹងបានបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ ៣,៣ លាននាក់នៅលើពិភពលោក ដែលចំនួននេះ ស្មើនឹង ៥,៩ភាគរយនៃអត្រាមរណៈសរុប ទូទាំងពិភពលោក។