លោក លី ធុជ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ


(រតនគិរី)៖ លោក លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ដែលត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលឆាប់ៗខាងមុននេះ។

លោក លី ធុជ ក្នុងនាមព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានពាំនាំការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលមានវត្តមានចូលរួមនាឱកាសនេះ។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ និងជាបក្សដែលមានគុណបំណាច់ក្នុងការរំដោះប្រជាពលរដ្ឋពីការកាប់សម្លាប់ និងបានដឹកនាំរាជរដ្ឋាភិបាលនៅតែរក្សាកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោក លី ធុជ បន្តថា គណបក្សប្រជាជនកម្ពុជា បន្តគាំទ្រឥតងាករេនូវកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលកំពុងខិតខំពុះពារដើម្បីបន្តថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ និងការពាររាល់សមិទ្ធិផលសង្គមជាតិដែលសម្រេចបាន។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យអង្គបោះឆ្នោតត្រូវមានវត្តមាន និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ៧ចូលរួម៕