ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ក្នុង​ខេត្ត​កំពង់ស្ពឺ​បើក​ការដ្ឋាន​សាងសង់​ហើយ


ស្ពាន​អាកាស​ថ្មើរជើង​ដំបូងបង្អស់​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ថ្ងៃនេះ​ក្រោម​អធិបតីភាព ​ឯកឧត្តម ​វ៉ី ​សំណាង​ អភិបាល​នៃ​គណ:អភិបាលខេត្ត​កំពង់ស្ពឺ​និង​លោកជំទាវ​ ​សៀង ​ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។

ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ដោយមាន​ប្រវែង៣០ម៉ែត្រ​កម្ពស់៥​,២ម៉ែត្រ​ទទឹង៣ម៉ែត្រ​ធ្វើ​ពី​បេតុង​អា​មេ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ ​សៀង​ ចាន់​ហេង​ អគ្គនាយក​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ក្នុង​តម្លៃ​សាងសង់ ៣៤​ម៉ឺន​​ដុល្លារ​អាមេរិក​ហើយ​ចំណាយពេល​សាងសង់​ជិត​មួយឆ្នាំ​។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ឯកឧត្តម ​វ៉ី​ សំណាង ​​បាន​ឲ្យដឹង​ថា​នៅ​ត្រឹម​ថ្ងៃទី២០ខែឧសភា​នេះ​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នឹង​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​ហើយ​ក្រោម​ជំនួយ​របស់​សប្បុរសជន​ដែល​គិតជា​ទឹកប្រាក់​ជិត៤០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

ឯកឧត្តម បាន​បន្ត​ទៀត​ថា​៖«កន្លងមក​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ស្ពាន​ថ្មើរជើង​ដែល​ស្ថិត​ទីប្រជុំជន​ចំណតរថយន្ត​នៅ​ផ្សារ​កំពង់ស្ពឺ​នេះ​គឺ​តែង​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​”។

ដោយឡែក​ក្រោយពេល​មាន​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ​វា​នឹង​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​តែង​កើតមាន​បាន​មួយ​កម្រិត​។ស្ពាន​មួយ​នេះ​មាន​កម្ពស់៥​,២ម៉ែត្រ​,ទំហំ​ទទឹង៣ម៉ែត្រ​និង​មាន​ប្រវែង៣០ម៉ែត្រ​ដែល​ត្រូវ​ចំណាយពេល​សាងសង់​រយៈ​ពេល​​កន្លះ​ឆ្នាំ​ទើប​រួចរាល់​ជាស្ថាពរ​»។

ឯកឧត្តម ​ក៏បាន​បង្ហើប​ផង​ដែរ​ថា​សម្រាប់​ថ្ងៃខាងមុខ​នេះ​រដ្ឋបាល​ខេត្ត​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២​បន្ថែម​ទៀត​ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​វិទ្យាល័យ​កំពង់ស្ពឺ​ហើយ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិតនៅ​មុ​ខបណ្តុំ​រោងចក្រ​៕