ទិវាជីវៈចម្រុះឆ្នាំនេះផ្តោតលើប្រធានបទ ជីវៈចម្រុះរបស់យើង អាហាររបស់យើង សុខភាពរបស់យើង (Our Biodiversity, Our Food, Our Health)


អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា លើកទី៦ នៅសួនឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ជាង១០០០នាក់ នាព្រឹកថ្ងៃអង្គារ៍ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ជីវៈចម្រុះរបស់យើង អាហាររបស់យើង សុខភាពរបស់យើង (Our Biodiversity, Our Food, Our Health)” ។
លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្នុងនាមជាតំណាងជនបង្គោលនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះបានបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ(UN-CBD)នៅឆ្នាំ១៩៩៥។ លោកជំទាវ បានឱ្យដឹងដែរថា ក្នុងនាមជាប្រទេសហត្ថលេខី និង ស្ថាប័ន បង្គោល ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ ក្រសួងបរិស្ថានមានកាតព្វកិច្ចរៀបចំពិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ស្ថាប័ន ប្រជាសហគមន៍ អង្គការ ដៃគូជាតិ-អន្តរជាតិ និងបណ្តាអ្នកពាក់ព័ន្ធសំដៅលើកកម្ពស់ការគ្រប់គ្រងនិងការអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយ ដល់សាធារណជនឱ្យកាន់យល់ដឹងពីតម្លៃនៃជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលមិនអាចខ្វះបាន។

ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងថា ការប្រារព្ធទិវាជីវៈចម្រុះឆ្នាំនេះ ដើម្បីបង្កើន និងពង្រីកការយល់ដឹងអំពីការពឹងអាស្រ័យលើ ប្រព័ន្ធ ម្ហូប អាហារ អាហារូបត្ថម្ភ និង សុខភាពរបស់យើងអាស្រ័យលើជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ។ ប្រធានបទឆ្នាំនេះ ផ្សារភ្ជាប់នឹងអត្ថន័យ គុណតម្លៃរបស់ជីវចម្រុះ ភាពសម្បូរបែប ដែលផ្តល់ដោយប្រព័ន្ធធម្មជាតិ សម្រាប់ ជីវិត មនុស្ស និងសុខុមាលភាព នៅលើផែនដីហើយក៏ចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងៗទៀត រួមទាំងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំ ការស្តារ ប្រព័ន្ធអេកូឡូស៊ី ទឹកស្អាត និងការបំបាត់សេចក្តីស្រេកឃ្លានជាដើម។

ឯកឧត្តម ជា សំអាង លើកទឹកចិត្តឱ្យមនុស្សទាំងអស់ ដែលជាចំណែកមួយនៃជីវៈចម្រុះ ចាំបាច់ត្រូវតែប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សជីវៈចម្រុះ ដែលជាកត្តាលីករដ៏សំខាន់ មួយក្នុងការបម្លែងប្រព័ន្ធម្ហូបអាហារ និងការលើកកម្ពស់សុខភាពមនុស្សសម្រាប់កូនចៅ ជំនាន់ក្រោយរបស់យើង។ សូមបញ្ជាក់ថា នៅក្នុងឱកាសប្រារព្ធទិវាជីវៈចម្រុះឆ្នាំ២០១៩នេះ ក្រុមការងារក៏បានរៀបចំឱ្យមានកម្មវិធីល្បែងកំសាន្ត ការទស្សទាយសម្លេងសត្វយំ ការផ្គុំរូបសត្វព្រៃ និងកម្មវិធីសំនួរ-ចម្លើយ ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន សារៈសំខាន់នៃជីវៈចម្រុះ និងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគីរីផងដែរ។