កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ខេត្តមណ្ឌលគិរី


ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ លើផ្ទៃដីទំហំ ៥ហិកតា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិពូទីត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន សុកហ្វីន ខេ ស៊ី ឌី ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា ស៊ី អ៊ី អេស ។
កិច្ចប្រជុំទទួលបានសម្រេចលទ្ធផលដូចខាងក្រោម៖
១.គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ
២. ក្រុមហ៊ុនត្រូវបញ្ជាក់ឱ្យច្បាស់ពីបរិមាណទឹកដែលត្រូវប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម ប្រសិនបើមានការប្រើប្រាស់ទឹកឡើងវិញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់ប្រភពទឹកលើដីឱ្យអស់លទ្ធភាព មុននឹសម្រេចចិត្តប្រើប្រាស់ប្រភពទឹកក្រោមដី
៣.ក្រុមហ៊ុនត្រូវរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចេញពីសង្វាក់ផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនអនុញ្ញាតការបង្ហូលទឹកកខ្វក់ចេញពីសង្វាក់ផលិតកម្មចូលប្រភពទឹកអូរជាដាច់ខាត
៤.ក្រុមហ៊ុនត្រូវមានវិធានការទប់ស្កាត់ និកាត់បន្ថយក្លិនស្អុយចេញពីកៅស៊ូកុំឱ្យប៉ះពាល់ដល់កម្មករ និងប្រជាពលរដ្ឋ
៥.ក្រុមហ៊ុនត្រូវគ្រប់គ្រងសណល់ភក់ សណល់ចេញពីការប្រើប្រាស់សារធាតុគីមីឱ្យបានល្អ និងត្រូវសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមបច្ចេកទេស
៦.ចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដូចជាជួសជុលផ្លូវ អណ្តូងទឹក និងសាលារៀនជាដើម
៧.សូមគាំទ្រចំពោះមតិយោបល់មន្រ្តីជំនាញដែលសមាជិកអង្គប្រជុំទាំងអស់ និងស្នើឱ្យក្រុមហ៊ុនកែសម្រួល និងបញ្ចូលក្នុងរបាយការណ៍នៅមតិយោបល់ទាំងអស់
៨.ក្រុមហ៊ុនមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ជាតិក្នុងតំបន់ឡើយ៕
គួសបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធជាច្រើនរូប។