ឥណ្ឌូនេស៊ីនឹងបើកការហោះហើរត្រង់មកកម្ពុជាឡើងវិញ នាចុងខែមិថុនាខាងមុខ


(ភ្នំពេញ)៖ ក្រោយខកខានការហោះហើរត្រង់ទាំងស្រុង ពីឥណ្ឌូនេស៊ីមកកម្ពុជាជាច្រើនសតវត្សរ៍ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នារៀបចំឱ្យមានការហោះហើរត្រង់ជាមួយគ្នាឡើងវិញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines ជាមួយនឹងការរំពឹងទុកថានឹងមានកំណើនទេសចរមកកម្ពុជាបន្ថែម។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ដីពីការត្រៀមរៀបចំសម្ពោធជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា លោក Heriyanto អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines នឹងបើកការហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមករាជធានីភ្នំពេញ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងមួយសប្ដាហ៍ហោះហើរត្រង់ចំនួន ៣ជើង គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

តំណាងក្រុមហ៊ុនអាកាសចរណ៍ CITILINK Airlines រូបនេះ បានបង្ហាញការជឿជាក់ថា តម្លៃជិះយន្តហោះរបស់ក្រុមហ៊ុនលោកនឹងធ្វើឱ្យអតិថិជនទទួលយកបានគ្រប់គ្នា ហើយនៅតែគាំទ្រការប្រើប្រាស់ជើងហោះហើររបស់ក្រុមហ៊ុនមួយនេះ។

លោកថា នៅពេលជើងហោះហើរត្រង់ហ្សាកាតា-ភ្នំពេញដំណើរការទៅរលូនល្អហើយ ក្រុមហ៊ុនលោកមុខជាពង្រីកការហោះហើរត្រង់ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាផ្សេងទៀត ដូចជាហោះហើរត្រង់ពីរដ្ឋធានីហ្សាកាតាមកខេត្តសៀមរាប-អង្គរ និងខេត្តព្រះសីហនុជាដើម ឬពីកោះបាលីដែលតំបន់ទេសចរណ៍ដ៏សំខាន់របស់ឥណ្ឌូនេស៊ី មកកាន់កម្ពុជាបន្ថែមផងដែរ។

ឯកឧត្តម Suirman Hasseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រទេសដែលមានសក្តានុពលទេសចរណ៍ និងវប្បធម៌ដ៏សម្បូរបែប និងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយជាប្រទេសមួយដ៏ធំដែលមានប្រជាជនប្រមាណ ២៥០លាននាក់ ហើយប្រជាជនឥណ្ឌូនេស៊ីក៏មានជីវភាពរីកចម្រើន ជីវភាពកម្រិតកណ្តាលក៏មានច្រើន ទេសចរធ្វើដំណើរចេញក្រៅប្រទេសក៏មានច្រើន ដូចជាចេញទៅម៉ាឡេស៊ី សិង្ហបុរី ថៃ ប៉ុន្តែមកកម្ពុជានៅតិចនៅឡើយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ការហោះហើរត្រង់នេះនឹងជួយជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរកាន់តែច្រើន។ ទេសចរកម្ពុជាអាចទៅដល់រដ្ឋធានីហ្សាកាតា ទៅលេងកោះបាលី តំបន់បេតិកភណ្ឌប្រាសាទប៊ូរ៉ូប៊ូឌូ និងតំបន់ទេសចរណ៍ដទៃទៀត ហើយទេសចរឥណ្ឌូនេស៊ី ក៏អាចមកលេងកម្សាន្តតាមគោលដៅទេសចរណ៍នានា នៅកម្ពុជាកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនឯកជន និងទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ចូលរួមយ៉ាងសកម្មក្នុងការឃោសនាផ្សព្វផ្សាយការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជានេះ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រកាសអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសវិនិយោគិនឥណ្ឌូនេស៊ី ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ សូមមកវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានកាន់ច្រើនថែមទៀត ព្រោះកម្ពុជាមានច្បាប់វិនិយោគដែលសាកសមបំផុតសម្រាប់វិនិយោគិនបរទេស ជាពិសេសច្បាប់ស្តីពីការបង្កើតតំបន់ទេសចរណ៍ពិសេស (Prestige Tourism Zone)។

ឯកឧត្តម Suirman Hasseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤៩ឆ្នាំ ចាប់ពីទសវត្សទី៧០មកនេះ ជាលើកទីមួយហើយដែលមានការហោះហើរត្រង់ភ្ជាប់ពីឥណ្ឌូនេស៊ីមកកម្ពុជា ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា។

ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានបន្តថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏ជាចូលរួមចំណែកលើកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី។

សូមជម្រាបថា ក្រោយពីមានការខកខាកអស់រយៈពេលជិត៥០ឆ្នាំកន្លងមក ដែលក្នុងអំលុងទសវត្សទី៧០ ធ្លាប់មានការហោះហើរត្រង់ពីភ្នំពេញ-ហ្សាកាតា តាមរយៈក្រុមហ៊ុន Royal Air Cambodge ប៉ុន្តែជាអកុសល ដោយសារប្រទេសកម្ពុជាជួបនូវសង្គ្រាមពេញផ្ទៃប្រទេស ការហោះហើរត្រង់នោះត្រូវបានកាត់ផ្ដាច់ទាំងស្រុង៕