សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ


(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួមសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។

ដំណើរអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ UN-ESCAP របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។

សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

តាមការគ្រោងទុកសន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។

គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក។

សន្និបាតប្រចាំឆ្នាំនេះ មានពីរផ្នែករួមមាន៖ ទី១. កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ និងទី២. កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី គឺចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែឧសភា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាតដោយផ្តោតជាសំខាន់លើការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ការអញ្ជើញឱ្យសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាចែករំលែនូវបទពិសោធន៍នេះ ក៏ដោយសារ UN-ESCAP ទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោក លី ធុជ ប្រធានគណៈកម្មាធិការជាតិ ESCAP តំណាងរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងត្រូវអញ្ជើញធ្វើជាប្រធានអង្គសន្និបាត នាព្រឹកថ្ងៃទី២៨ ខែឧសភា ផងដែរ។ មន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួនទៀត ក៏នឹងត្រូវអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតាមវិស័យមួយចំនួននៅក្នុងសន្និបាតប្រចាំឆ្នាំនេះផងដែរ។

សូមបញ្ជាក់ថា កម្ពុជា បានចូលជាសមាជិក UN-ESCAP នៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៤៥។ កម្ពុជាបានចូលរួមវិភាគទានដល់ UN-ESCAP ចំនួន ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីរួមចំណែកធ្វើសកម្មភាពមួយចំនួនរបស់ UN-ESCAP។

កម្ពុជា ក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖

១៖ ទទួលបានធាតុចូលសម្រាប់ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍតាមវិស័យ។
២៖ ទទួលបានជំនួនបច្ចេកទេសតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗក្នុងការកំណត់ទិន្នន័យសម្រាប់ការវិភាគស្ថានភាពបរិស្ថាន សេដ្ឋកិច្ច និងសង្គម និងកសាងសមត្ថភាពរបស់ការិយាល័យស្ថិតិជាតិ។
៣៖ ទទួលបានការសម្របសម្រួលក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។
៤៖ ទទួលបានការគាំទ្រ ក្នុងការចូលជាភាគី និងការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូន និងជំរុញការតភ្ជាប់ Asian Highway និង Trans-Asian Railway Network និងកិច្ចព្រមព្រៀងលើការមិនប្រើប្រាស់ក្រដាស (Paperles Agreement)។
៥៖ ទទួលបានការគាំទ្រក្នុងការធ្វើសមាហរណ៍កម្មចីរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
៦៖ ទទួលបានធាតុចូលសម្រាប់គោលនយោបាយបច្ចេកវិទ្យា ទំនាក់ទំនងព័ត៌មាន ដែលបម្រើដល់វិស័យនានា រួមមាន៖ ការកាត់បន្ថយគ្រោះមហន្តរាយ ការគាំទ្របដិវត្តន៍ឧស្សាហកម្ម ៤.០ ការអភិវឌ្ឍស្ត្រី និងសហគ្រិនភាព និងការគាំពារមនុស្សចាស់ និងមានជំងឺជាដើម។
៧៖ ទទួលបានការគាំទ្រក្នុងការអភិវឌ្ឍសង្គមដូចជា ការបញ្ជ្រាបយេនឌ័រទៅក្នុងការអិវឌ្ឍ ការបង្ក្រាបអំពើជួញដូរមនុស្ស បញ្ហាជំងឺអេដស៍ ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ និងការជំរុញការអប់រំសម្រាប់ទាំងអស់គ្នា៕