ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមសន្និសិទឥស្លាម នៅទីក្រុងពិសិដ្ឋ ម៉ាកកាស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត


(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតជាគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតបតាមការអញ្ជើញរបស់លោកបណ្ឌិត អគ្គលេខាធិការ អង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក និងជាបេសកជនពិសេស តំណាងកម្ពុជា ប្រចាំអង្គការ សហប្រតិបត្តិការឥស្លាម OIC (Organization of Islamic Cooperation) បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមសន្និសីទឥស្លាមស្តីពី «គុណតម្លៃ នៃការនិយមកណ្តាល»។

សន្និសីទនេះ ត្រូវធ្វើឡើងក្រោមព្រះរាជអធិបតីភាពរបស់ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-៣០ ខែឧសភា ឆ្នាំ២០១៩។

គួរជម្រាបថានេះ គឺជាសន្និសីទលើកទី៤៤ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ អាណត្តិសមាជិកភាពក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការនេះមានរយៈពេលប្រាំឆ្នាំ ដែលអាចតែងតាំងសាជាថ្មី ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រតិបត្តិ យោងតាមសំណើរបសអគ្គលេខាធិការ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក។

បើតាមការឲ្យដឹងពី លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លោកនឹងឆ្លៀតឱកាសនេះ ដើម្បីនឹងជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីកិច្ចការសាសនា អគ្គលេខាធិការ OIC ដែលជាអង្គការធំទី២ បន្ទាប់ពីUN ប្រធានធនាគារIsDB រួមនិងស្ថាប័នឥស្សរជនសំខាន់ៗផ្សេងទៀតផងដែរ៕