ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃចន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន (China Subhealth Research Association) ដឹកនាំដោយលោក Gan Jusheng អគ្គលេខាធិការនៃសមាគម និងសហការីដែលអញ្ជើញមកពីពហុជំនាញផ្សេងៗគ្នា។ ជំនួបនេះមានគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញ និងកាផ្លាស់ប្តូរសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម សុខភាព និងពាណិជ្ជកម្ម។

មានប្រសាសន៍ស្វាគមន៍ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន។ ក្រៅពីនេះ ភាគីទាំងពីរបាននិងកំពុងសិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ ម្រេច មាន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយ:គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយរំពឹងថាភាគីចិននឹងបន្តពិនិត្យ និងអនុញ្ញាតឲ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិនបន្ថែមទៀតនាពេលអនាគត។

លោក Gan Jusheng បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ប្រតិភូអញ្ជើញមកជាមួយលោកនាថ្ងៃនេះគឺមកពីសមាគម និងក្រុមហ៊ុនសំខាន់ៗទាក់ទងនឹងការធ្វើជំនួយផ្នែកឱសថ ការការពារសុខភាព កសិកម្ម ពាណិជ្ជកម្ម ការកែច្នៃ និងវប្បធម៌គោលបំណងដើម្បីពង្រឹងចំណងមិត្តភាពសិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញនៅប្រទេសកម្ពុជា។ សាខាសមាគមប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយក៏បានបន្តរៀបចំដំណើរទស្សនកិច្ចពហុវិស័យដែលមានបំណងមកវិនិយោគនៅកម្ពុជាបានចំនួន០៣លើកផងដែរ។ ចំពោះវិស័យកសិកម្ម សមិទ្ធផលដែលសមាគមសម្រេចបានកន្លងមក គឺបានជួយជុះរុញការវិនិយោគដាំដុះផ្លែដូងនៅខេត្តក្រចេះ បានជាង ០១ពាន់ហត។ ដើម្បីឲ្យវិស័យនេះកាន់តែមានការអភិវឌ្ឍ លោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងផ្តល់ការគាំទ្រ កិច្ចសហការ និងលើកទឹកចិត្តចំពោះសមាគម និងវិនិយោគិនចិនដែលបាន កំពុង និងរៀបចំផែនការវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែង យល់បន្ថែមពីស្ថានភាព និងឱកាសនៃការវិនិយោគជាពិសេសក្នុងវិស័យកសិកម្ម លើដំណាំដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ និងផលិតជាឱសថនៅកម្ពុជា។ ដើម្បីឲ្យផែនការវិនិយោគទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ ដល់គណ:ប្រតិភូថាគួរសហការ ឬស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងរកដី និងធ្វើការដាំដុះ។ លោកក៏បានទាញអារម្មណ៍គណ:ប្រតិភូឲ្យពិចារណធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ចំណីសត្វ ដាំឈើឧស្សាហកម្ម និងដំណាំកសិឧស្សាហកម្មសំខាន់ៗមួយចំនួនទៀតដូចជាពោត ដំឡូងមី មៀន ដែលកំពុងមានសក្តានុពលក្នុងការនាំចេញផ្តោតទៅលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញ ឆ្លើយតបតាមស្តង់ដារគុណភាព អនាម័យ និងភូតគាមអនាម័យដែលទីផ្សារចិនតម្រូវ។ រួមជាមួយការលើកកម្ពស់ការផលិត និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជាក្នុងកាត់បន្ថយថ្លៃដើម។