អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា


អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ(Intergovernmental Panel on Climate Change: IPCC) សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានធ្វើការផ្សព្វផ្សាយរបកគំហើញថ្មីៗរបស់ខ្លួនតាមរយៈរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥ អង្សាសេ ដើម្បីផ្តល់ជាគោលការណ៍ណែនាំគន្លឹះប្រកបដោយប្រសិទ្ធភាព សម្រាប់អ្នកជំនាញការ អ្នកវិភាគ និងមន្រ្តីរាជរដ្ឋាភិបាលក្នុងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធការប្រែប្រួលអាកាសធាតុសម្រាប់ប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំនឹងជួយពង្រឹង សមត្ថភាពរបស់យើងក្នុងការបង្កើតភស្តុតាងវិទ្យាសាស្រ្តអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងរដ្ឋាភិបាល។ លោកជំទាវបានបន្ថែមថា យើងត្រូវការភស្តុតាងនេះដើម្បីធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ”។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា យើងត្រូវការអ្នកវិទ្យាសាស្រ្ត ដែលអាចធ្វើការព្យារករណ៍ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា យើងត្រូវការអ្នកដែលអាចបង្កើតម៉ូដែលទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ យើងត្រូវការវិស្វករ និងអ្នកបច្ចេកទេសដែលអាចលើកស្នើដំណោះស្រាយចំពោះការប្រឈមថ្មីៗទាំងនេះ យើងចង់ឱ្យប្រជាជនយើងនៅសម័យក្រោយសង្គ្រាម ក្រសោបយកវិទ្យាសាស្រ្តជាកត្តាគន្លឹះ ដើម្បីនាំយកប្រជាជនកម្ពុជាទៅកាន់មាគ៌ានៃប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ពិសេស បានអះអាងថាតាមរយៈកិច្ចការរបស់ក្រុមការងារ IPCC កំណើនសីតុណ្ហភាពបន្ថែម០,៥អង្សាសេ នៅក្នុងសកលលោក អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ។ ដូចនេះ យើងត្រូវកម្រិតកំណើនសីតុណ្ហភាពមិនឱ្យកើនឡើងលើស១,៥អង្សាសេ។ ហើយដើម្បីកម្រិតកំណើនសីតុណ្ហភាពនេះ យើងត្រូវការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមក ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័នពីគ្រប់វិស័យឱ្យស៊ីជម្រៅ ការប្រើប្រាស់បច្ចេកវិទ្យាជំនួសផ្សេងៗ ដូចជាថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឥរិយាបទ និងការបង្កើនវិនិយោគទៅលើជម្រើសបញ្ចេញកាបូនទាប។

កម្មវិធីផ្សព្វផ្សាយសកម្មភាព និងរបកគំហើញនៃក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃចន្ទ-អង្គារ ៩-១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសឡាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ គ្រឹះស្ថានសិក្សា និងយុវជន ជាច្រើននាក់។