ដំណើររទស្សនកិច្ចសិក្សារបស់មន្រ្តីបច្ចេកទេស,ពលករជំនាញបុរាណវិទ្យា និងស្ថាបត្យកម្មនៅឧទ្យានអង្គរ


កាលពីថ្ងៃ ពុធ ទី២២ ដល់ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ដោយមានការជួយ ឧបត្ថម្ភគាំទ្រថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក (Am bassadors Fund for Cultural Preservation -AFCP) ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្រ្តីបច្ចេកទេសអភិរក្សនិងជួស ជុលជណ្តើរខាងជើងព្រមទាំងមន្រ្តី ពលករ ជំនាញបុរាណ វិទ្យា និងស្ថាបត្យកម្មចំនួន ១១រូប បានធ្វើទស្សនកិច្ចសិក្សានៅ ឧទ្យានអង្គរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ទស្សនកិច្ចសិក្សានេះមានគោលបំណងស្វែងយល់អំពីការងារអភិរក្សនិងជួសជុលសំណង់បុរាណ ក្នុងនោះ បានផ្តោតសំខាន់លើការរៀបចំនិងគ្រប់គ្រងឯកសារសិក្សាស្រាវជ្រាវ សមាសភាពជំនាញបច្ចេកទេស ដំណើរការនិងបច្ចេកទេសជួសជុលសំណង់បុរាណ ប្រព័ន្ធផ្លូវទឹកក្នុងបរិវេណប្រាសាទ និងការរៀបចំគ្រប់គ្រងការដ្ឋានអភិរក្ស។ ទស្សនកិច្ចសិក្សានេះបានចុះស្វែងយល់នៅតាមការដ្ឋានសំខាន់ៗមួយចំនួនដូចជា ប្រាសាទភ្នំបាខែង ជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក(World Monuments Fund) ប្រាសាទបាយ័នជួសជុលដោយJASA ស្ពានហាលចូលប្រាសាទអង្គរវត្តជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) សហការជាមួយអាជ្ញាធរជាតិអប្សរា ប្រាសាទតុបខាងលិច ជួសជុលដោយវិទ្យាស្ថានជាតិស្រាវជ្រាវដើម្បីសម្បត្តិវប្បធម៌ណារ៉ា (Nara National Research Institute for Cultural Properties) និងសំណង់ប្រាសាទឥដ្ឋនៅប្រាសាទបាគង។ ទស្សនកិច្ចសិក្សានេះបានផ្តល់ឱកាសឱ្យមន្រ្តីនិងពលករជំនាញបុរាណវិទ្យាបានរៀនសូត្រ បន្ថែមទៀតទាក់ទងនឹងដំណើរការជួសជុលសំណង់ប្រាសាទបុរាណ និងបង្កើននូវភាពជឿជាក់លើខ្លួនឯងបន្ថែមក្នុងការជួសជុលប្រាសាទនៅរមណីយដ្ឋានប្រាសាទព្រះ វិហារនិងប្រាសាទកោះកែរ។