វិទ្យាស្ថានជាតិអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច


ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី២ វគ្គ២ កំរិត១ ក្នុងឆ្នាំ២០១៩ នាព្រឹកថ្ងៃច័ន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីក្រសួង ។

បើតាមប្រសាសន៍របស់ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានឲ្យដឹងថា ៖ វិទ្យាស្ថានជាតិអធិការកិច្ច បានបន្តបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី២ វគ្គ២ កំរិត១ ក្នុងឆ្នាំ២០១៩ នៅទីស្តីក្រសួង។ អ្នកនាំពាក្យបានឲ្យដឹងទៀតថាៈ វគ្គបណ្តុះបណ្តាលបឋមនេះ បានធ្វើឡើងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែឧសភាតទៅ ។

បើតាមសុន្ទរកថា របស់ ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានដឹងឲ្យថា ៖ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងបានជំរុញឲ្យមានការបើកវគ្គបណ្តុះបណ្តាលវិស័យអធិការកិច្ច ដែលសំរាប់ឆ្នាំ២០១៩នេះ វិទ្យាស្ថានបានបើកវគ្គចំនួន៣លើករួចមកហើយ និងមានសិក្ខាកាមមកពីគ្រប់អគ្គនាយកដ្ឋាន និងតាមមន្ទីរគ្រប់រាជធានី-ខេត្ត ចំណុះឲ្យក្រសួងមានចំនួន១២៥នាក់ ដោយបានផ្តល់ជាវិញ្ញាបនប័ត្រជូនសិក្ខាកាមគ្រប់រូប តាមសមត្ថភាពនៃការកំណត់និទ្ទេសផងដែរ ។

ឯកឧត្តម ចាប សុថារិទ្ធ បញ្ជាក់ថា វិស័យអធិការកិច្ច ជាវិស័យមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។ ចំណែកឯការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការ ដើម្បីចូលរួមបំពេញបំបន្ថែមសំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល ។ ដោយពិនិត្យឃើញអំពី សារៈសំខាន់ទាំងនេះហើយ ទើបថ្នាក់ដឹកនាំក្រសួង សម្រេចឲ្យបង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច ។

ឯកឧត្តម ចាប សុថារិទ្ធ បញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការទិសដៅច្បាស់លាស់ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាមរយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឲ្យបានគ្រប់កំរិត ចាប់ពីបឋម មធ្យម និងឧត្តមសិក្សា ស្របតាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀត រួមមាន៖ ទី១ ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ ។ ទី២ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយឯកសារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យរបស់ក្រសួង ក៏បានបា្រប់ឲ្យដឹងនៅក្រោយពិធីបើកវគ្គថា ៖ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងពេញលេញនៅដើមឆ្នាំ២០១៨ បន្ទាប់ពីបានបង្កើតឡើងដោយអនុក្រិត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច និងអនុវត្តការងារអនុលោមតាមប្រកាសលេខ០៨៣ ទរពអ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការប្រព្រិត្តទៅរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ អ្នកនាំពាក្យរូបនេះបន្តថា បើទោះជាវិទ្យាស្ថានទើបតែបង្កើតឡើងក្តី តែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ សំរាប់មន្ត្រីជំនាញនូវគ្រប់កំរិត ទាំងនៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះកំពុងបំរើការងារនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព ៕