សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព


នៅវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសវៀតណាម រយៈពេលបីថ្ងៃ ពីថ្ងៃ ២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម។

រដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមបាន ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងហាណូយ។

តាមគ្រោងបន្ទាប់ពីអញ្ជើញដល់ប្រទេសវៀតណាម នៅរសៀល ថ្ងៃទី២៨ ឧសភានេះ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ នឹងជួបសវនាការនិងពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌរដ្ឋសភានិងរដ្ឋសភា ឲ្យបានគ្រប់ជ្រុងជ្រោយ បន្ថែមទៀត៕