រដ្ឋសភាវៀតណាម-កម្ពុជា ប្តេជ្ញារួមគ្នាពង្រឹងពង្រីកលើការងារការទូតរដ្ឋសភាប្រទេសទាំងពីរ


នៅរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan)ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៦បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាអន្តរសភានានា ជាមួយនឹងការផ្លាស់ប្តូរបទពិសាធន៍លើការងារសភានៅគ្រប់កម្រិត សំដៅរួមចំណែកលើកកំពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ ជាក់ស្តែងនៅឆ្នាំ២០២០ ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១។

លោកជំទាវ ង្វៀន ធីគីមងិន បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋនិងបានប្តេជ្ញាចិត្តថានឹងខិតខំជំរុញទំនាក់ទំនងប្រទេសទំាងពីរដែលមានតំាងពីយូរលុងនិងជាប្រពៃណីស្រាប់នេះ ឲ្យកាន់តែរឹងមាំឡើងថែមទៀត។ លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងការគំាទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍សកល ក៏ដូចជាផលប្រយោជរវាងប្រទេសទំាងពីរលោកជំទាវនឹងលៃលងពេលវេលាដើម្បីមកចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទនៅឆ្នាំ២០២០ ខាងមុខ។

លោកជំទាវបានជម្រាបសម្តេចប្រធានរដ្ឋសភាដែលថានៅក្នុងឆ្នាំ២០២០នោះ ប្រទេសវៀតណាមនឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា)ផងដែរ។ លោកជំទាវ ង្វៀន ធីគីមងិន បានស្នើសុំរដ្ឋសភាកម្ពុជាគំាទ្រ និងចូលរួមកិច្ចប្រជុំខាងលើនេះដែរ។

ប្រធានរដ្ឋសភាវៀតណាម បានស្នើសុំភាគីកម្ពុជាជួយសម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ និងជំរុញការងារការទូតសភាប្រទេសទាំងពីរ នៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ស្របតាមទិសដៅ នៃមហាសន្និបាតលើកទី១២ របស់បក្សកុំម្មុយនីស្តវៀតណាម។ សម្តេចបានអគុណដល់ការគំាទ្ររបស់ប្រទេសវៀតណាមចំពោះរដ្ឋសភាកម្ពុជា លើការងារជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់២៥លានដុល្លារដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះ។