ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ សាស្ត្រាចារ្យ Jiang Zehui សហប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាលរបស់អង្គការអន្តរជាតិឫស្សី និងផ្តៅ


នាវេលាម៉ោង១៥:០០រសៀល ថ្ងៃដដែល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ សាស្ត្រាចារ្យ Jiang Zehui សហប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាលរបស់អង្គការអន្តរជាតិឫស្សី និងផ្តៅ (INBAR) ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការ INBAR និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មានមតិស្វាគមន៍ តាមរយៈលោកជំទាវ សាស្ត្រាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពដែលសម្រេចបានពីថ្ងៃម្សិលមិញ ដោយលោកបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនៅចំពោះមុខប្រធានគណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភា ហើយវត្តមានរបស់លោកជំទាវ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីនាថ្ងៃនេះបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថែមមួយកម្រិតទៀត និងបញ្ជាក់អំពីការយកចិត្តទុកដាក់មកលើកម្ពុជាក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើ ពោលគឺផលព្រៃឈើឫស្សី និងផ្តៅនេះតែម្តង។ មួយវិញទៀត ក្រោមការគ្រប់គ្រងរបស់ក្រសួង បច្ចុប្បន្នមានសហគមន៍ព្រៃឈើចំនួន ៦១៤សហគមន៍ លើផ្ទៃដីជាង ៥០០ពាន់ហត ដែលលោកជឿជាក់ថាសហគមន៍ទាំងអស់នោះនឹងអាចទទួលបានការគាំទ្រ និងផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការយ៉ាងល្អនេះផងដែរ។

នាឱកាសនេះ លោកជំទាវ សាស្ត្រាចារ្យបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលជាប្រទេសសមាជិកពេញសិទ្ធទី៤៦ ក្នុងអង្គការ INBAR ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាតាមរយៈការបង្កើនគំរបព្រៃឈើ បរិស្ថានបៃតង ការបង្កើតការងារ ប្រាក់ចំណូល និងកម្រិតជីវភាពរបស់ប្រជាជន និងសហគមន៍។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពល និងអំណោយផលទាំងធនធានដី និងអាកាសធាតុសម្រាប់ការដាំដុះឫស្សី ស្របជាមួយកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងស៊ីជម្រៅរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ លោកជំទាវជឿជាក់ថា អង្គការ INBAR នឹងមានលទ្ធភាពច្រើនក្នុងការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍវិស័យព្រៃឈើនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងអាចឈានឡើងថែមមួយកម្រិតទៀតសំដៅទៅលើការអភិវឌ្ឍរុក្ខជាតិផ្កានៅកម្ពុជា ដែលប្រទេសចិនមានសក្តានុពលខ្ពស់ ទាំងបច្ចេកទេសនៃការដាំដុះ និងទីផ្សារ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងលើការអភិវឌ្ឍឫស្សី ផ្តៅ និងរុក្ខជាតិផ្កានេះតែម្តង ហើយបញ្ជាក់ថា ក្រសួងស្វាគមន៍ និងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជន សហគមន៍ព្រៃឈើ និងទីផ្សារទាំងមូល។ តាមរយៈលោកជំទាវ និងឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីចិន ពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍ពូជឫស្សី និងជាពិសេសពូជរុក្ខជាតិផ្កា រួមជាមួយការរៀបចំគម្រោងសួនច្បារគំរូមិត្តភាព កម្ពុជា-ចិន ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ និងអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ។