មន្រ្តីជាន់ខ្ពស់បក្សកុំម្មុយនីស្តវៀតណាមអបអរសាទរការរីកចម្រើនរបស់កម្ពុជា


មន្រ្តីជាន់ខ្ពស់បក្សកុំម្មុយនីស្តវៀតណាមបានអបអរសាទរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំរដ្ឋសភា របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ហើយរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ឯកឧត្តម Tran Quoc Vuong គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងជំនួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅទីស្តីការបក្សកុំម្មុយនីស្តវៀតណាម នាទីក្រុងហាណូយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ហើយនៅរសៀលថ្ងៃទី២៨ ឧសភានេះ គណៈប្រតិភូ បានជួបសវនាការជាមួយ ឯកឧត្តម Tran Quoc Vuong។

ឯកឧត្តម Tran Quoc Vuong បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺជាការរីកចម្រើនរបស់ប្រទេសវៀតណាម។ ពលរដ្ឋ បក្ស រដ្ឋ វៀតណាម អបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជានេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរីករាយដែលឃើញរដ្ឋសភាកម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងរដ្ឋសភាប្រទេសទំាងពីរនេះ គឺជាផ្នែកសំខាន់ ដែលបានទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងវៀតណាម។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចូលរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការបាត់បង់អ្នកដឹកនាំមួយរូបដ៏ឆ្នើមរបស់ខ្លួន គឺឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចបានគូសបញ្ជាក់ថា ការបាត់បង់រូប ឯកឧត្តម ឡេ ឌឹកអាញ់ គឺជាការបាត់បង់មិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ សម្តេចបានលើកឡើងថា រូបសម្តេចផ្ទាល់ធ្លាប់មានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយ ឯកឧត្តម ឡេ ឌឹកអាញ់។ “សូមបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹកអាញ់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលនានា ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមំាថា ក្រោមការដឹកនាំរបស់ បក្សកុំម្មុយនីស្តវៀតណាម ដែលមាន ឯកឧត្តម ង្វៀន ភូជុង ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ លោកជំទាវ ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា និង ឯកឧត្តម ង្វៀន ស៊ួនហ្វុក ជានាយករដ្ឋមន្រ្តី ប្រជាជនវៀតណាម និងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម ឲ្យក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន ហើយកិត្យានុភាពរបស់មិត្តវៀតណាម លើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕