ជប៉ុនផ្តល់ថវិកាជាង ១លានដុល្លារ ដល់សាលាក្តីខ្មែរក្រហម


រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វិភាគទាន ១១២ម៉ឺនដុល្លារអាមេរិក ដល់សាលាក្តីខ្មែរក្រហម ដែលកំពុងធ្វើ សវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នៅក្នុងដំណាក់កាល០០២ នៃវគ្គទី២ ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សាលាក្តីខ្មែរក្រហម វិភាគទាន ១១២ម៉ឺនដុល្លារនេះ គឺសម្រាប់ទាំងភាគីជាតិនិងភាគីអន្តរជាតិ ។
សេចក្តីប្រកាសបានបញ្ជាក់ថា រួមទាំងវិភាគទានចុងក្រោយនេះទៀត បានធ្វើអោយជំនួយជប៉ុនចំពោះសាលាក្តី ខ្មែរក្រហម បានកើនដល់ចំនួន ៨៥លានដុល្លារអាមេរិក ហើយដែលស្មើនឹង ៣២ភាគរយ នៃវិភាគទានសរុបរបស់ក្រុមប្រទេសម្ចាស់ជំនួយទាំងអស់ ។ ការផ្តល់ជំនួយនេះ បានប្រព្រឹត្តទៅទន្ទឹមនឹងការធ្វើសវនាការកាត់ទៅអតីត មេដឹកនាំខ្មែរក្រហមលោកនួនជា និងលោកខៀវសំផន ក្នុងដំណាក់កាល០០២ វគ្គទី២ ។
មន្ត្រីអ្នកនាំពាក្យសាលា ក្តីខ្មែរក្រហមលោកនេត ភក្ត្រា បានថ្លែងថាសវនាការ០០២ ដំណាក់កាលទី២ បានប្រព្រឹត្តទៅជាង ២៣០ថ្ងៃហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៦ ។ លោកបញ្ជាក់ថាសវនាការវគ្គទី២ នេះ បានផ្តោតលើបទចោទប្រកាន់ចំនួន ៣រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ… ឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទាក់ទងនឹងការសម្លាប់ រង្គាលជនជាតិចាមនិងវៀតណាម ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ អតីតមេដឹកនាំខ្មែរក្រហមទាំង ២រូប ត្រូវបានតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានរក្សាសេចក្តីសម្រេចដាក់ទោសអោយជាប់គុកអស់មួយ ជីវិតក្នុងបណ្តឹងសារទុក្ខនៃសំណុំរឿង០០២ នៃដំណាក់កាលទី១ ផងដែរ ។
គួររំលឹកថា ក្នុងរបបគ្រប់គ្រងរបស់ខ្មែរ ក្រហមរវាងពីខែមេសាឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ មនុស្សស្លាប់ និងរងការសម្លាប់ដោយរបបកម្ពុជា ប្រជាធិបតេយ្យនោះ មានមិនតិចជាង២លាននាក់នោះទេ ។
court-30-11-16-1-copy