សិក្ខាកាមថ្នាក់អាស៊ាននិងតំបន់ធ្វើការកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោយពីសិក្សា៣សប្តាហ៍នៅខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ សិក្ខាកាមជាគ្រូបង្គោលអន្តរជាតិបានហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ថ្នាក់អាស៊ាន និងថ្នាក់តំបន់ ចំនួន២២រូប មកពី៨ប្រទេស បានអនុវត្តជាក់ស្តែងនៃការកម្ទេចគ្រាប់ ក្រោយពីសិក្សារយះពេល៣សប្តាហ៍។
ក្នុងពិធីកម្ទេចគ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន សូសាវឿន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា “ក្រោយពីសិក្ខាកាមគ្រូបង្គោល អន្តរជាតិថ្នាក់អាស៊ាន និងថ្នាក់តំបន់ បានហ្វឹកហ្វឺន ៣សប្តាហ៍កន្លងមកនេះ គឺពួកគាត់បានអនុវត្តជាក់ស្តែង ដោយធ្វើបានជោគជ័យនៃការកម្ទេចគ្រាប់មិនទាន់ផ្ទុះនេះ”។ ឯកឧត្តមបន្តថា ការកម្ទេចគ្រាប់ថ្ងៃនេះ គឺបំផ្ទុះគ្រាប់ចំនួនបីរណ្តៅ ដែលមានគ្រាប់ ប្រភេទធន់ធ្ងន់ និងប្រភេទធន់ស្រាល សរុបចំនួន៥៤គ្រាប់។
ឯកឧត្តម បញ្ជាក់ថា វគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់ គឺមានរយៈពេល៣សប្តាហ៍ ចាប់ផ្តើម ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដែលមានបំណងផ្តល់ការគាំទ្រ ប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងអនុវត្តតាមរូបមន្តរបស់អង្គការសហប្រជាជាតិ UNMAS និងបទពិសោធន៍ ជាក់ស្តែង ដែលបានដកស្រង់ផ្ទាល់ពីតំបន់ បេសកកម្ម មកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងនៅក្នុង និងក្រៅប្រទេស”។