សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សិក្សាស្វែងយល់ពីការអភិវឌ្ឍរបស់ខេត្តហាណាមរបស់វៀតណាម ដែលប្រែក្លាយពីខេត្តកសិកម្មទៅជាឧស្សាហកម្ម


នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍរបស់ខេត្តហាណាម ដែលជាខេត្តមួយកំពុងប្រែក្លាយពីខេត្តកសិកម្មទៅជាខេត្តមានសេដ្ឋកិច្ចរស់រវើកខាងផ្នែកឧស្សាហកម្ម។

ឯកឧត្តម Nguyen Dinh Khang លេខាមជ្ឈិមបក្សខេត្តហាណាម បានជម្រាបសម្តេច និងគណៈប្រតិភូរដ្ឋសភាថា ប្រាក់ចំណូលប្រចំាឆ្នាំរបស់ប្រជាពលរដ្ឋក្នុងខេត្តម្នាក់ៗមានចំនួន២៤០ដុល្លារ។ ខេត្តទទួលបានកំណើនសេដ្ឋកិច្ច១១,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ខេត្តហាណាម ជាខេត្តមួយដែលល្បីក្នុងតំបន់ បានកែច្នៃសាច់ជ្រូកនាំចេញទៅលក់នៅក្រៅប្រទេស។ ខេត្តបានកំពុងត្រៀមផ្ទៃធំៗដើម្បីទាក់ទាញអ្នកវិនិយោគខាងកសិឧស្សាហកម្ម។ខេត្តកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសេវាកម្មសង្គមក្នុងមានសេវាអប់រំ សុខាភិបាល និងទេសចរណ៍។ ចំពោះវិស័យអប់រំខេត្តកំពុងទាក់ទាញសកលវិទ្យាល័យល្បីៗ ពីក្រុងហាណូយទៅបើកនៅក្នុងខេត្ត។ នៅចុងឆ្នាំ២០១៩នេះរដ្ឋបាលឃុំ ស្រុករបស់ខេត្តនិងទទួលសេវាកម្មរដ្ឋបាលបែបថ្មី ទំនើប។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីអបអរសាទរ ចំពោះការរីកចម្រើនរបស់ខេត្ត។ ជាមួយគ្នានេះសម្តេចមានក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់បក្សកុំម្មុយនីស្តវៀតណាម ខេត្តហាណាម ក៏ដូចជាប្រទេសវៀតណាមទំាងមូលនិងទទួលបានការអភិវឌ្ឍបន្ថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រភូបានអញ្ជើញទស្សនដោយផ្ទាល់ពីគម្រោងអភិវឌ្ឍន៍វត្តព្រះពុទ្ធសាសនាដ៏ធំដែលស្ថិតនៅក្នុងខេត្តហាណាមនេះ សម្រាប់ជាទីគោរពបូជា ទេសចរណ៍និងជាទីប្រារព្ធពិធីបុណ្យសាសនាធំៗ។ សម្តេចបានដាំដើមឈើនៅក្នុងវត្តតំាងជប់ ទុកជាអនុស្សាវរីយ៍ផងដែរ៕