ព្រឹទ្ធសភានឹងរៀបចំទិវាសិទ្ធិកុមារអន្តរជាតិលើកទី៧០នៅខេត្តកំពង់ចាម


ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយអង្គការការីតាសកម្ពុជា នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧០ទិវាកុមារអន្តរជាតិ១មិថុនា២០១៩នៅវិទ្យាល័យអប់រំពិសេស កុមារកំព្រាគថ្លង់ ពិការភ្នែកនៅខេត្តកំពង់ចាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានារសៀលថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩ ព្រឹទ្ធសភា នឹងរៀបចំពិធីអបអរសាទរខួបលើកទី៧០ទិវាកុមារអន្តរជាតិ១មិថុនា២០១៩នៅវិទ្យាល័យអប់រំពិសេសកុមារកំព្រាគថ្លង់ពិការភ្នែកនៅខេត្តកំពង់ចាមដែលស្ថិតនៅក្រុងកំពង់ចាមខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមទេព ងន អនុប្រធានទី១ព្រឹទ្ធសភា។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គោលបំណងនៃការរៀបចំពិធីអបអរសាទរនេះ គឺដើម្បីរំលឹកនូវការឈឺចាប់ និងចង់ចាំរបស់មនុស្សជាតិលើសកលលោក ក្នុងឧក្រិដ្ឋកម្មដ៏ព្រៃ ផ្សៃយង់ឃ្នងរបស់ពួកហ្វាវស៊ីសអ៊ីត្លែរ ដោយបានសម្លាប់ស្រ្តីនិងកុមារជាបន្តបន្ទាប់ នៅក្នុងភូមិ លីឌីស៊ែរ នៃសាធារណរដ្ឋសហព័ន្ធឆែក និងនៅភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤នៃសង្រ្គាមលោកលើកទី២។

សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំព្រឹទ្ធសភា រដ្ឋ សភា និងរាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំពារដល់កុមារ ជាពិសេសកុមារពិការ កុមារកំព្រា កុមារគ្មានទីពឹងនិងកុមារដែលងាយរងគ្រោះ ត្រូវបានគិតគូតាមរយៈការបង្កើតឲ្យមានមណ្ឌលកុមារកំពា្រជាច្រើន សម្រាប់កុមារទាំងនោះបានរស់នៅ និងទទួលបានការមើលថែធានានូវសុវត្ថិភាពផ្តល់ការអប់រំចំណេះដឹងសំដៅធ្វើយ៉ាងណាឲ្យកុមារ ទាំងនោះមានអនាគតល្អ៕