ឯកឧត្តម សុខ ឥសាន៖ ការបាត់បង់ទឹកដីកម្ពុជាក្រោមជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្សល់ទុកឲ្យកូនខ្មែរ ចងចាំជាបទពិសោធន៍


ភ្នំពេញ៖ស្របពេលខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០១៩ ជិតបានមកដល់ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបន្សល់ទុកឲ្យកូនខ្មែរចងចាំ និងទុកជាបទពិសោធន៍ដែលគួរចៀសវាងកុំឲ្យជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់នេះអាចកេីតឡេីងជាថ្មីនៅពេលបច្ចប្បន្ននិងតទៅអនាគតទៀត

ឯកឧត្តម សុខឥសានបានលើកឡើងតាមរយៈបណ្ដាញសង្គម តេឡេក្រាមនៅថ្ងៃទី១ មិថុនានេះថា នៅឆ្នាំ១៩៣៩អាណានិគមនិយម បារាំងបានផ្ទេរការគ្រប់គ្រងរដ្ឋបាលលេីកោះត្រល់ទៅឲ្យរដ្ឋបាលកូសាំងសុីន នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំងបានប្រគល់ដែនដីកម្ពុជាក្រោមទាំងមូលដែលរួមទាំងកោះត្រល់ផងទៅឲ្យស្តេចបាវដាយនៃប្រទេសអណ្ណាម បន្ទាប់ពីមានការអនុម័តរបស់សភាកូសាំងសុីននិងសភានៃសហភាពបារាំងនិងសេចក្តីសម្រេចរបស់លោកប្រធានាធិបតីបារាំងផង រួចមក ដោយគ្មានការតវ៉ាណាមួយពីអាជ្ញាធរកម្ពុជាឡេីយ ទោះបីសម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វេីព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងក៏ព្រះអង្គមិនបានទាមទារទឹកដីកម្ពុជាក្រោមរួមទាំងកោះត្រល់ផងមកឲ្យកម្ពុជាវិញដែរ គឺទាមទារតែដែនដីកម្ពុជាសព្វថ្ងៃដែលមានក្រឡាផ្ទៃ ១៨១ ០៣៥គីឡូម៉ែត្រការេប៉ុណ្ណោះ

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា ការបាត់បង់ដែនដីកម្ពុជាក្រោម គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយជាទីបំផុតតែហួសពីលទ្ធភាពដែលអាចធ្វេីទៅបានក្នុងការទាមទារមកឲ្យប្រជាជាតិកម្ពុជាវិញគ្រាន់តែបានចាត់ទុកថាជាផលវិបាកនៃប្រវត្តិសាស្ត្រប៉ុណ្ណោះ។ការបាត់បង់ដែនដីកម្ពុជាក្រោមត្រូវបានអ្នកនយោបាយយកមកធ្វេីអាជីវកម្មកេងចំណេញខាងនយោបាយបោកប្រាស់ប្រជាជនដាក់កំហុសទៅលេីគណបក្សនយោបាយជាគូប្រកួតដេីម្បីមហិច្ឆតាចង់បានសន្លឹកឆ្នោត។សួរថាអ្នកដែលលេីកបញ្ហាទាមទារយកដែនដីកម្ពុជាក្រោមមកវិញមានបានទាមទារដែរឬទេ ? បានតែស្រែកដាក់កំហុសលេីគេឯង តែខ្លួនអត់បានធ្វេីអ្វីទាំងអស់ទោះបីអ្នកខ្លះមានសញ្ជាតិជាបារាំងនិងកំពុងរស់ប្រទេសបារាំងក៏ដោយក៏មិនឬហេីបមាត់ប្តឹងបារាំងដែលបានផ្តល់ដែនដីកម្ពុេជាក្រោមទៅឲ្យវៀតណាមដែរ
អ្នកនាំពាក្យបន្ថែមថាគួរខ្មែរគ្រប់រូបបញ្ឈប់នូវបញ្ហាលាបពណ៌ដាក់កំហុសឲ្យគ្នាចំពោះអ្វីដែលជាកាកសំណល់នៃប្រវត្តិសាស្ត្រមកធ្វេីបច្ចុប្បន្នភាពនយោបាយវាយប្រហារគ្នាដែលនាំឲ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុងខ្មែរនោះឡេីយ។គួរនាំគ្នាយកបទពិសោធន៍ប្រវត្តិសាស្ត្រមករៀនសូត្រដេីម្បីចៀសវាងកុំឲ្យកេីតមានឡេីងជាថ្មី ហេីយរួបរួមគ្នា ជាធ្លុងមួយការពារកសាងនិងអភិវឌ្ឍន៏ប្រទេសឲ្យមានការរីកចម្រេីនតាមឲ្យទាន់បណ្តាប្រទេសនានានៅលេីពិភពលោកវិញជាការល្អប្រសេីរសមស្របតាមសំណូមពរចង់បានរបស់ប្រជាជនកម្ពុជា៕