លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ឆ្នាំ២០១៩ និងជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាក្តុល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ១៤៦នាក់។

មានមតិសំណេះសំណាល លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះ កុមារត្រូវទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបង្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិរបស់កុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាយើងត្រូវបានរួចផុតពីរបបកាប់សម្លាប់ ប៉ុល ពត ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ជាពិសេសសិទ្ធិកុមារកម្ពុជា ត្រូវបានលើកកម្ពស់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានសង្ឈឹមថាពិធីនៅក្នុងថ្ងៃនេះក្លាយជាចំណែកដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់រាល់ទម្រង់នៃការរំលោភបំពានលើសិទ្ធិកុមារ ទាំងផ្នែកបញ្ញា ស្មារតី និងរាងកាយ។ ហើយជម្រុញបង្កើតការយកចិត្តទុកដាក់អប់រំថែទាំកុមារ អោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ។ ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ បានអញ្ជើញចែកសម្ភារៈជាអំណោយ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្តុល មានកាតាប សៀវភៅ ប៊ិច និងថវិកាមួយចំនួនផងដែរ៕