ឯកឧត្តម យន្ត មីន ប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋក្នុងការចូលរួមធ្វើលូទឹកកខ្វក់ផ្លូវលេខ ៥០០


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាមួយវិស័យឯកជន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ ៥០០ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។

ឯកឧត្តម ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា លូរទឹកកខ្វក់ផ្លូវលេខ ៥០០ មានប្រវែង ១.៨២៥ម៉ែត្រ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយផ្លូវនេះជាផ្លូវដែលរាជរដ្ឋាភិបាលឱ្យវិស័យឯកជន និងប្រជាពលរដ្ឋចូលរួមវិភាគទានក្នុងការ រៀបចំស្ដារ ដាក់លូឡើងវិញ ។ តាមការសិក្សាផ្លូវនេះត្រូវដាក់លូមូលដែលមានមុខកាត់ ១ម៉ែត្រ ដើម្បីរំដោះទឹកកខ្វក់ចេញបានទាន់ពេលវេលា ដោយសារតែតំបន់នេះ នឹងក្លាយជាអគារពាណិជ្ជកម្ម និងសណ្ឋាគារ តម្រូវឱ្យខេត្តរៀបចំប្រព័ន្ធលូទឹកកខ្វក់ឡើងវិញ បញ្ចៀសការហូរទឹកកខ្វក់មកលើទ្រូងផ្លូវនាំឱ្យបាត់បង់ សោភណភាព និងបរិស្ថាន ។

ឯកឧត្តម យន្ត មីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសិក្សា ដើម្បីធ្វើផ្លូវអទិភាពក្នុងក្រុងព្រះសីហនុ ចំនួន ២២ខ្សែ ក្នុងនោះវិស័យឯកជនចូលរួមធ្វើផ្លូវ ៤ខ្សែ ដោយឡែកផ្លូវលេខ ៥០០នេះនៅល្អ ក៏ប៉ុន្តែវាមានបញ្ហាប្រឈមរឿងលូទឹកកខ្វក់ ដូច្នេះយើងត្រូវរៀបចំប្រព័ន្ធលូទឹកកខ្វក់មុន ដើម្បីឱ្យដំណើរការទៅរលូន សូមវិស័យឯកជន និងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់នេះឡើងវិញ ។

ឯកឧត្តម យន្ត មីន បានបន្តថា វិស័យឯកជន ក៏បានចូលរួមស្ថាបនាធ្វើផ្លូវលេខ ៤០០មួយខ្សែ ដែលមន្ទីរសាធារណការជាអ្នកបើកការដ្ឋានសាងសង់ មកដល់បច្ចុប្បន្នសាងសង់បានប្រមាណជាង ៣០ភាគរយ ហើយសង្ឃឹមថា វិស័យឯកជន នឹងបន្តសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការស្ថាបនាផ្លូវ ប្រព័ន្ធលូ មួយចំនួនក្នុងក្រុងព្រះសីហនុឱ្យបានល្អ ស័ក្ដិសមជាទីក្រុងទេសចរណ៍ នាទិសនិរតី ៕