ក្រសូងសាធារណការ កំពុងរៀបចំគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ទន្លេសាប ពីព្រែកព្នៅ មកកាន់កំពង់ផែស្វយ័តភ្នំពេញ


ភ្នំពេញថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ –ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថាក្រសួង កំពុងសិក្សាគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកទន្លេសាប ពីព្រែកព្នៅ មកកាន់កំពង់ផែស្វយ័តភ្នំពេញ និងបន្ដទិសដៅទៅកាន់ ក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក។ នេះបើ តាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណនិងដឹកជញ្ជូន ក្នុង ឱកាសបើកកិច្ចប្រជុំជាមួយមន្ដ្រីជំនាញ ស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងបាននិងកំពុងធ្វើការសិក្សាគម្រោងដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹកទន្លេសាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក។ ឯកឧត្ដមថ្លែងបន្តថា នៅក្នុង ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេជាច្រើនមានដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង និង ទន្លេស្រែពកជាដើម ប៉ុន្តែកម្ពុជាមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាព និងសក្ដានុពលរបស់ទន្លេដែលមាននោះទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ។