សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យការងារនីតិកម្ម របស់រដ្ឋសភា


សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យសម្រេចប្រគល់សេចក្តីព្រាងច្បាប់ចំនួនបីដល់គណៈកម្មការជំនាញរដ្ឋសភា ធ្វើការពិនិត្យសិក្សា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាឱកាសនេះ ក៏បាន ត្រួតពិនិត្យលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់មួយចំនួន របស់គណៈកម្មការជំនាញរដ្ឋសភា ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូនកាលពីលើកមុន ផងដែរ។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ព្រឹកនេះបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូ ទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក។ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាពិនិត្យសិក្សាដោយសហការ ជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។
ជាមួយគ្នានេះគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានសម្រេច លើលទ្ធផលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់របស់គណៈកម្មការជំនាញរដ្ឋសភា លើសេចក្តីព្រាងច្បាប់ចំនួន៤និងបានបញ្ចូលសេចក្តីព្រាងច្បាប់ទំាងនោះក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នាពេលខាងមុខនេះ។

សេចក្តីព្រាងច្បាប់ទាំង៤នោះមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញ ទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារទៅវិញ ទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការការពារទៅវិញ ទៅមកនៃវិនិយោគ។ និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សីនិងផ្តៅ៕